បរទេស៖ កំពូលអ្នកមានរបស់ប្រទេសឆែកម្នាក់ មានទ្រព្យសម្បត្ដិ ប្រហែល១៧,៥ពាន់លានដុល្លារអាមេរិក បានជួបនឹងគ្រោះអកុសល ធ្លាក់ឧទ្ធម្ភាគចក្រ ស្លាប់ កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ នៅលើទឹកដីរដ្ឋអាឡាស្កា សហរដ្ឋអាមេរិក។
បើតាមក្រុមហ៊ុនវិនិយោគ PPF Group របស់មហាសេដ្ឋីខាងលើនេះ បានបញ្ជាក់ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ លោកមហាសេដ្ឋី Petr Kellner ជាកំពូលអ្នកមានបំផុត នៅសាធារដ្ឋឆែក។ លោកមហាសេដ្ឋី បានស្លាប់ នៅក្នុងឧបទ្ទវហេតុ ធ្លាក់ឧទ្ធម្ភាគចក្រ នៅក្នុងរដ្ឋអាឡាស្កា សហរដ្ឋអាមេរិក។
បើតាមសារព័ត៌មានរុស្ស៊ី Sputnik បានផ្សាយ នៅថ្ងៃទី២៩ ខែមីនា ថា បើតាបណ្ដាញផ្សព្វផ្សាយ ក្នុងតំបន់បានផ្សាយ កាលពីព្រឹក ថ្ងៃទី២៧ ខែមីនា ថា មនុស្ស៥នាក់បានស្លាប់ នៅក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ នៅភាគខាងកើត នៃទីក្រុង Anchorage ហើយមនុស្សម្នាក់ទៀត នៅរស់រានមានជីវិត ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ក្រៅពីលោក មហាសេដ្ឋី Kellner ក៏មានអ្នកស្លាប់ផ្សេងទៀត ដែលពលរដ្ឋឆែកម្នាក់ទៀត, មគ្គុទេសក៍ ២ នាក់ និងអាកាសយានិកម្នាក់។ រីឯស្ថានភាព នៃការធ្លាក់ឧទ្ធម្ភាគចក្រនេះកំពុងស្ថិតក្នុងស៊ើបអង្កេតនៅឡើយ។
លោកស្រី Itka Tkadletsova អ្នកនាំពាក្យ PPF បានប្រាប់អ្នករាយការណ៍ព័ត៌មានថា «ឧប្បត្តិហេតុនេះបានកើតឡើង នៅក្នុងអំឡុងពេលលោកចាកចេញដំណើរជិះស្គី។ នៅពេលនោះ ឧទ្ធម្ភាគចក្របានដឹកអ្នកជិះស្គីឡើងលើកំពូលភ្នំ។ រីឯពិធីបុណ្យសពរបស់លោកមហាសេដ្ឋី Kellner នឹងត្រូវធ្វើឡើង តែនៅក្នុងរង្វង់គ្រួសារប៉ុណ្ណោះ។
បើតាមទស្សនវដ្ដី Forbes បានឲ្យដឹងថា លោក Kellner ជាមហាសេដ្ឋីម្នាក់ នៅលើពិភពលោក ហើយលោកមានទ្រព្យសម្បត្ដិ ចំនួន១៧,៥ពាន់លានដុល្លារ។ ទ្រព្យសម្បត្ដិរបស់លោក បានមកពីការក្រុមហ៊ុនវិនិយោគរបស់លោកផ្ទាល់ (investment group) និងមានភាគហ៊ុន ក្នុងក្រុមហ៊ុន Telecom O2 របស់សាធារណរដ្ឋឆែក ធនាគារ PPF និងក្រុមហ៊ុនអចលទ្រព្យពាណិជ្ជកម្ម៕