ក្រោយពីបញ្ចប់ការប្រកួតកម្មវិធដ៏ល្បី Miss Grand International 2020 នៅប្រទេសថៃកាលពីពេលថ្មីៗកន្លងទៅនេះ មហាជនបានចាប់អារម្មណ៍លើអ្នកនាង ហែន ឡាយ (Han Lay) Miss Grand Myanmar មានឆន្ទៈជួយប្រទេសខ្លួន បានអំពាវនាវ ឲ្យអន្តរជាតិជួយប្រទេសមីយ៉ាន់ម៉ា ដែលកំពុងធ្លាក់ចូលក្នុងការសម្លាប់យ៉ាងរង្គាលពីសំណាក់ក្រុមយោធាមីយ៉ាន់ម៉ា ។
ក្រោយការអំពាវនាវនេះ មហាជនហាក់បង្ហាញការព្រួយបារម្ភជំនួសអ្នកនាងអំពីសុវត្ថិភាពផ្ទាល់ខ្លួន ខណៈដែលខ្លួនលើកយករឿងនយោបាយក្នុងប្រទេសដែលកំពុងក្តៅគគុកយកមកនិយាយលើឆាកកម្មវិធីដែលគេទស្សនាទូទាំងពិភពលោកបែបនេះ ។
បើទោះបីយ៉ាងណាក្តី អ្នកនាង ហែន ឡាយ (Han Lay) Miss Grand Myanmar ត្រូវបានក្រុមហ៊ុន Miss Grand International សម្រេចឲ្យបន្តស្នាក់នៅក្នុងប្រទេសថៃមួយរយៈទៀតជាបណ្តោះអាសន្នសិន ដើម្បីសុវត្ថិភាព និងបានដើរកម្សាន្តទៀតផង ។
សូមជម្រាបថា អ្នកនាង ហែន ឡាយ (Han Lay) Miss Grand Myanmar ជាបេក្ខនារីមួយរូបក្នុងចំណោមបណ្តាបេក្ខនារីមកពីបណ្តាប្រទេសចំនួន៦៣ ជុំវិញពិភពលោក ដែលត្រូវបានរៀបចំឡើងតាំងពីថ្ងៃទី០១ ខែមីនា ដល់រាត្រីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ ដែលមានប្រទេសថៃធ្វើជាម្ចាស់ផ្ទះ ៕