សេអ៊ូល៖ ក្រោយពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) រួមប្រទេសមួយចំនួនទៀតដែលថ្កោលទោសយ៉ាងខ្លាំងនោះ លើសកម្មភាពការធ្វើតេស្តមីស៊ីល ប៉ាលេស្ទីក មន្ត្រីជាន់ខ្ពស់កូរ៉េខាងជើង បានសម្តែងការហួសចិត្តនូវការថ្កោលទោសទាំងនោះ ។ នេះបើយោងតាមសារព័ត៌មាន Reuters នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១នេះ ។
លោក ចូ ចុល ស៊ូ (Jo Chol Su) អគ្គនាយកទទួលបន្ទុកការឆ្លើយតប ទៅកាន់អង្គការអន្តរជាតិ នៃក្រសួងការបរទេសកូរ៉េខាងជើង បានគូសបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ដែលត្រូវបានចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ថា នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការ UNSC កាលពីថ្ងៃសុក្រសប្ដាហ៍មុន សហរដ្ឋអាមេរិកបានអំពាវនាវ ឱ្យមានការដាក់ទណ្ឌកម្ម និងរឹតបន្តឹងបន្ថែម ទៅលើការអនុវត្តវិធានការដែលមានស្រាប់ ដោយប្រឆាំងដាច់ខាតចំពោះ ការធ្វើតេស្តគ្រាប់មីស៊ីលថ្មីៗរបស់ប្រទេសកូរ៉េខាងជើង។ អាមេរិកចាត់ទុកថា នេះជាការរំលោភលើសេចក្ដីសម្រេចចិត្តរបស់ UN។ កិច្ចប្រជុំត្រូវបានរៀបចំឡើង ដើម្បីប្រឆាំងសិទ្ធិរបស់រដ្ឋយើង ក្នុងការការពារខ្លួន ។
លោក ចូ ចុល ស៊ូ (Jo Chol Su) បញ្ជាក់ថា វាបានបង្កើតនូវការប្រឆាំង ចំពោះរដ្ឋអធិបតេយ្យមួយ និងបង្កើតនូវលក្ខណៈស្តង់ដារពីរជាក់ស្តែង ដោយសារ UNSC លើកយកបញ្ហានេះ…. វាជាការលេងល្បែងដោយផ្ទាល់ នៃគោលនយោបាយរបស់សហរដ្ឋអាមេរិក។ វាពិតជាមិនសមហេតុផលទេ ដែលមានតែវិធានការការពារខ្លួន ដ៏សុច្ចរិតរបស់យើងមួយគត់ ត្រូវបានគេជ្រើសរើសយកទៅប្រឆាំង នឹងផ្តន្ទាទោស ខណៈដែលប្រទេសជាច្រើននៅលើពិភពលោក កំពុងបាញ់គ្រាប់មីស៊ីលផ្លោងគ្រប់ប្រភេទ ក្នុងគោលបំណងបង្កើនកម្លាំងយោធារបស់ពួកគេ ។
សូមជម្រាបថា កាលពីសប្តាហ៍មុនកូរ៉េខាងជើង បានធ្វើតេស្តមីស៊ីលបាលីស្ទីក រយៈចម្ងាយខ្លីប្រភេទថ្មីចំនួនពីរគ្រាប់ ដែលត្រូវបានគេអះអាងថា អាចមានសមត្ថភាពពាំក្បាលគ្រាប់នុយក្លេអ៊ែរ រហូតដល់ទៅទម្ងន់ ២.៥តោនឯណោះ ដែលធ្វើឱ្យទីក្រុងវ៉ាស៊ីនតោន ថ្កោលទោសជាខ្លាំង និងស្នើសុំការកោះប្រជុំ នៃគណៈកម្មាធិការត្រួតពិនិត្យទណ្ឌកម្មរបស់ UNSC ៕