ភ្នំពេញ៖ ក្មេងទំនើង២នាក់នាំគ្នាបង្ហោះម៉ូតូ ក៏ត្រូវបានកម្លាំងនគរបាលចាប់ពួកគេទាំង២នាក់ ឲ្យដោះកង់មុខរបស់ម៉ូតូចេញ ហើយកាន់កង់ម៉ូតូនោះ លោតតែជើងម្ខាងចំនួន១០ជុំ នៅជុំវិញដងទង់ជាតិ។
ផេកបណ្ដាញសង្គម Phum Daily នៅរសៀល ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ បានបង្ហោះវីដេអូ អំពីសកម្មភាពក្មេងទំនើងនេះ ឃើញមានសក់លាបថ្មីពណ៌លឿង និងម្នាក់មានពាក់ក្រវិល។ ក្មេងទំនើងទាំងនេះ ត្រូវបានប៉ូលិសឃាត់ខ្លួន ពាក់ព័ន្ធនឹងការបង្ហោះម៉ូតូ នៅតាមទីសាធារណៈ។
ជាមួយគ្នានេះ មន្រ្ដីនគរបាលបានបញ្ជាក្មេងទំនើងឲ្យដោះកង់មុខរបស់ម៉ូតូ រួចហើយឲ្យក្មេងទំនើងម្នាក់ ក្នុងចំំណោមពួកគេ កាន់កង់ម៉ូតូនោះលោតតែជើងម្ខាងចំនួន១០ នៅជុំវិញដងទង់ជាតិ។ រីឯមន្រ្ដីនគរបាល បានប្រាប់ក្មេងទំនើងដែលកំពុងលោតជើងមួយឲ្យស្រែកថា ចាប់ពីពេលនេះទៅខ្ញុំឈប់បង្ហោះម៉ូតូទៀតហើយ ដោយលោកបណ្ដើរ ស្រែកបណ្ដើរ។
មន្រ្ដីនគរបាលដាក់ទណ្ឌកម្មបែបនេះ ដោយមិនចង់ផាកពិន័យជាប្រាក់ ដើម្បីទុកជាមេរៀន សម្រាប់ពួកគេចេះកែខ្លួន ព្រោះសកម្មភាពបង្ហោះម៉ូតូ អាចបង្កគ្រោះថ្នាក់ដល់ខ្លួន និងអ្នកដទៃផង។ ទង្វើបែបនេះ បាននាំឲ្យសង្គមស្អប់ខ្ពើមផងដែរ៕