ខេត្តកណ្ដាល ៖ បុរសម្នាក់បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ក្រោយពីត្រូវ រថយន្ដ ម៉ាកហ៊ីយ៉ាន់ដាយ មួយគ្រឿង បើកលឿនដូចហោះ ជ្រុលទៅបុកម៉ូតូកាលពីម៉ោង ១២:៣០នាទី ថ្ងៃត្រង់ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះ នៅលើផ្លូវជាតិលេខ២១ ស្ថិតក្នុងភូមិស្វាយតានី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។
ប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុមានម៉ូតូមួយគ្រឿង ម៉ាក ហុងដា ពណ៌ខ្មៅ ពាក់ស្លាកលេខ ព-4511 ភព1 បើកបរក្នុងទិសដៅពីជើងទៅត្បូង (តាខ្មៅ-ជ្រៃធំ) អ្នកបើកបរឈ្មោះ សុំ សួរ ភេទប្រុស អាយុ ៤៧ឆ្នាំ រស់នៅ ភូមិអន្លង់តាសេកលើ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល (ពាក់មួកសុវត្ថិភាព)។ ពេលមកដល់កន្លែងកើតហេតុ រថយន្ដមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌បៃតងខ្ចី លាយស ពាក់ស្លាកលេខ ភ្នំពេញ 3D-8013 និងសណ្ដោងរ៉ឺម៉កមានស្លាកលេខ ភ្នំពេញ 4A-4560 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ រត់គេចពីកន្លែងកើតហេតុបាត់ស្រមោល។ រថយន្តនេះ បើកបរទិសដៅពីត្បូងទៅជើង បញ្រ្ជាសទិសគ្នាជាមួយម៉ូតូ ក៏បានបុកម៉ូតូ និងកិនបុរសម្នាក់ បណ្ដាលឲ្យស្លាប់នៅកន្លែងកើតហេតុ៕