អន្តរជាតិ ៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មានCNA នៅថ្ងៃទី២៣ ខែ មីនា ឆ្នាំ២០២១ បានអោយដឹងថា ប្រទេសចំនួន៣ មានប្រទេសចិន មីយ៉ាន់ម៉ា និងរុស្ស៊ី បានទទួលរងនូវទណ្ឌកម្ម ក្រោយពីកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសសហភាពអឺរ៉ុបនៅទីក្រុងប្រ៊ុចសែល បានអនុម័ត លើការរំលោភបំពាននានា សំដៅទៅលើការរំលោភសិទ្ធិជាសកល។
សកម្មភាពដ៏លេចធ្លោនេះ ត្រូវបានរាយការណ៍ដោយអ្នកការទូតសហភាពអ៊ឺរ៉ុប ហើយនឹងត្រូវបានបង្ហាញជាផ្លូវការនៅក្នុងកាសែតផ្លូវការរបស់សហភាពអ៊ឺរ៉ុប ដែលនេះជាលើកដំបូងហើយដែលទីក្រុងព្រុចសែលបានវាយប្រហារទីក្រុងប៉េកាំងជុំវិញការរំលោភសិទ្ធិមនុស្ស ចាប់តាំងពីបានដាក់ទណ្ឌកម្មអាវុធនៅក្នុងឆ្នាំ ១៩៨៩ បន្ទាប់ពីបញ្ហានៅទីលានធានអានមេន។
វិធានការទាំងនេះ គឺជាផ្នែកមួយនៃកញ្ចប់ដាក់ទណ្ឌកម្មលើបញ្ហាសិទ្ធិមនុស្សដែលផ្តោតលើប្រជាជនរាប់សិបនាក់ ដែលរួមបញ្ចូលទាំងបុគ្គលនៅក្នុងប្រទេសរុស្ស៊ី កូរ៉េខាងជើង អេរីទ្រា ស៊ូដង់ខាងត្បូង និងលីប៊ីផងដែរ៕