ខេត្តស្វាយរៀង ៖ ក្មេងស្រីអាយុ៨ឆ្នាំម្នាក់ បានស្លាប់ នៅពេលដែលក្រុមគ្រួសារបញ្ជួនទៅសង្គ្រោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញ បានត្រឹមពាក់កណ្តាលផ្លូវ និងក្មេងប្រុសស្រី៣នាក់ទៀត រងរបួសស្រាល ក្រោយជួបឧបទ្ទវហេតុ តោងលេងទ្វាររបងដែកហើយបណ្តាលរលំសង្កត់ពីលើ កាលពីរសៀលថ្ងៃទី២២ ខែមិនា ឆ្នាំ២០២១ នៅភូមិ ព្រៃទទឹង ឃុំ ប្រសូត្រ ស្រុក ស្វាយទាប ខេត្តស្វាយរៀង។
យោងតាមសាច់ញាតិជនរងគ្រោះបានឲ្យដឹងថា៖នៅមុនពេលកើតហេតុគេឃើញក្មេងប្រុសស្រីរងគ្រោះខាងលើបាននាំគ្នាលេងនៅក្បែររបងហើយបានឡើងតោងលេងបណ្តាលឲ្យទ្វាររបងរលំសង្កត់ទាំង៤នាក់រងរបួសធ្ងន់ម្នាក់ស្រាល៣នាក់ប៉ុន្តែអកុសល្យក្មេងស្រីអាយុ៨ឆ្នាំម្នាក់បានស្លាប់បាត់បង់ជីវិតនៅតាមផ្លូវពេលដែលក្រុមគ្រួសារបញ្ជួនទៅមន្ទីរពេទ្យ។
ប្រភពបានបន្តទៀតថា ៖ ក្មេងស្រីដែលបានស្លាប់ក្នុងហេតុការណ៍រលំទ្វារបងសង្កត់លើនោះមានឈ្មោះ ឃិន ធីតា ភេទស្រី អាយុ៨ឆ្នាំ មុខរបរ សិស្ស ឪពុកឈ្មោះ ឆាយ ចាន់លី អាយុ ៣៩ឆ្នាំ មុខរបរលក់ពងមាន់ ចំណែកម្ដាយឈ្មោះ ប្រាក់ ស៊ីនួន អាយុ ៣៧ឆ្នាំ មុខរបររោងចក្ររស់នៅភូមិ ព្រៃទទឹង ឃុំ ប្រសូត្រ ស្រុក ស្វាយទាប ខេត្តស្វាយរៀង(ស្លាប់នៅពេលបញ្ជួនទៅមន្ទីពេទ្យ) និងក្មេងចំនួន៣ផ្សេងទៀត៖ ទី១.ឈ្មោះ ចិត្រ សុខនីសា ភេទស្រី អាយុ៩ឆ្នាំ មុខរបរសិស្ស(រងរបួសស្រាល)។ ២.ឈ្មោះ ចិត្រ ពិសិដ្ឋ ភេទប្រុស អាយុ២ឆ្នាំ មុខរបរក្នុងបន្ទុក(រងរបួសស្រាល)។ ៣.ឈ្មោះ វីរះ ទេពី ភេទស្រី អាយុ៧ឆ្នាំ មុខរបរសិស្ស(រងរបួសស្រាល)។
បច្ចុប្បន្នសពក្មេងស្រីរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីរីឯអ្នករងគ្រោះកំពុងសម្រាកព្យាបាលផងដែរ៕