ស្រុកព្រៃនប់ ៖ ឈប់រថយន្តដែលខូច ដើម្បីជួសជុល ប៉ុន្តែមិនមានដាក់ចំណាងផ្លាត បុរសម្នាក់ បើកម៉ូតូសណ្តោងរ៉ឺម៉ក ទៅបុកពីក្រោយ បណ្តាលអោយ ស្លាប់ កាលពីម៉ោង៥ព្រឹកទៀបភ្លឺ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ នៅក្នុងភូមិបត់គគីរ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៩៥-១៩៦។
សមត្ថកិច្ចបញ្ជាក់ថាគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងរវាងម៉ូតូសណ្តោងរ៉ឺម៉ក ០១គ្រឿង ពណ៌ក្រហម មានទិសដៅ (ខេត្តព្រះសីហនុ-ភ្នំពេញ) បើកបរដោយឈ្មោះ គឹម សំភាស់ ភេទប្រុស អាយុ ៣៥ឆ្នាំ មានទីលំនៅផ្លូវលំ ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ភ្នំពេញ បានបុកពីក្រោយរថយន្ត ០១គ្រឿងម៉ាក HINO ពណ៌ស-ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 3E-8341 ដែលខូចនៅលើផ្លូវ ដោយមិនមានដាក់របាំង ឬភ្លើងសញ្ញាសម្គាល់ (ទិសដៅស្របគ្នា) បណ្តាលឲ្យអ្នកបើកម៉ូតូសណ្តោងរ៉ឺម៉ក ស្លាប់នៅនឹងកន្លែងកើតហេតុ។ អ្នកបើកបររថយន្តដោយឈ្មោះ ភា ភាន់ ភេទប្រុស អាយុ ២៧ឆ្នាំ មានទីលំនៅភូមិក្រាំងអំពិល ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននាំយកដោះស្រាយតាមផ្លូវច្បាប់។
បច្ចុប្បន្នរថយន្ត និងម៉ូតូ នាំយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ចំណែកសាកសពជនរងគ្រោះរង់ចាំប្រគល់ជូនក្រុមគ្រួសារ៕