បរទេស៖ រុស្ស៊ីបានប្រើប្រាស់ផ្កាយរណប Soyuz2.1 របស់ខ្លួន បញ្ជូនផ្កាយរណបចំនួន៣៨ មកពីប្រទេសចំនួន១៨ ឡើងទៅកាន់ទីអវកាស។
ក្រុមហ៊ុនអវកាស Rosocsmos បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍ថា រ៉ុក្កែត Soyuz2.1 បានបញ្ជូនផ្កាយរណបចំនួន៣៨គ្រឿង មកពី១៨ប្រទេស រួមមាន ផ្កាយរណបរបស់កូរ៉េខាងត្បូង, កាណាដា, អារ៉ាប៊ី សាអ៊ូឌីត, អាល្លឺម៉ង់, ប្រស៊ីល, អ៊ីតាលី… ជាដើមឡើងទៅកាន់ទីអវកាស ប្រកបដោយជោគជ័យ។ មីស៊ីល Soyuz-2.1b នេះ ធ្លាប់ប្រើប្រាស់បញ្ជូនផ្កាយរណបចំនួន៣៦គ្រឿង OneWeb របស់អង់គ្លេស ដោយបាញ់ចេញពីស្ថានីយ Vostochny នៅជាយក្រុង Uglegorsk កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០កន្លងទៅ។
ក្រុមហ៊ុនអវកាស Rosocsmos បានបន្ថែមថា ការបាញ់បញ្ជូនផ្កាយរណប នៅថ្ងៃទី២២ ខែមីនាឆ្នាំ២០២១នេះ បានកើតឡើង ក្រោយការពន្យារពេលជាច្រើនលើក។ រីឯផ្កាយរណបដែលបញ្ជូនទៅនាពេលនេះ មានរហូតដល់ទៅ៣៨គ្រឿង ដោយបាញ់ចេញពីទីតាំងអវកាស Baikonur ស្ថិតក្នុងតំបន់ប្រទេស Kazakhstan ។
ក្រុមហ៊ុនអវកាស Rosocsmos បានបន្ថែមថា ក្នុងចំណោមផ្កាយរណប ត្រូវបានបញ្ជូនឡើងទៅកាន់ទីអវកាសនោះ មានផ្កាយរណប Challenge 1 ដែលជាផ្កាយរណបដំបូងគេបង្អស់ របស់ប្រទេសទុយនេស៊ី។ រីឯការបាញ់សាកល្បងលើកនេះ បានកើងឡើង ក្រោយការពន្យារពេលចំនួនពីរលើក ក្រោយរកឃើញមានបញ្ហាមួយចំនួន៕