បរទេស៖ បើតាមបណ្ដាញទូរទស្សន៍ BBC បានផ្សាយ នៅយប់ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ថា អាជ្ញាធរបានជម្លៀសប្រជាពលរដ្ឋ ជិត២ម៉ឺននាក់ ចេញពីរដ្ឋ New South Wales ប្រទេសអូស្រ្ដាលី ដោយសារទឹកជំនន់ជន់លិចខ្លាំង នៅក្នុងរដ្ឋនេះ ហើយក្រុមឧតុនិយម បានព្យាករថា ភ្លៀងនឹងបន្ដធ្លាក់មកខ្លាំងបន្ថែមទៀត។
សារព័ត៌មានដដែល បានបន្ដថា នៅពេលនេះ ឆ្នេរទាំងមូលរបស់រដ្ឋនេះ ស្ថិតក្រោមការគំរាមកំហែងពីអាកាសធាតុយ៉ាងធ្ងន់ធ្ងរ។ ភ្លៀងបានធ្លាក់មកយ៉ាងខ្លាំង អស់រយៈពេលជាច្រើនថ្ងៃមកហើយ ធ្វើឱ្យទឹកទន្លេហូរហៀរ ជន់លិចពាសពេញ ជុំវិញទីក្រុងស៊ីដនី និងនៅតំបន់ភាគអាគ្នេយ៍ នៃរដ្ឋឃ្វីនឡែន។
ជាមួយគ្នានេះដែរ អាជ្ញាធរកំពុងតែដាក់ពង្រាយកងទ័ព ដើម្បីជួយដល់ស្វែង និងសង្រ្គោះជនរងគ្រោះ។ គ្រោះធម្មជាតិដ៏អាក្រក់នេះ ត្រូវបានគេចាត់ទុកថា ជាព្រឹត្ដិការណ៍មានម្ដង ក្នុងរយៈពេល៥០ឆ្នាំ។
ការិយាល័យឧតុនិយមអូស្រ្តាលី បានព្យាករថា «ភ្លៀងនឹងធ្លាក់ខ្លាំង លាយឡំនឹងខ្យល់បក់ខ្លាំងហើយនឹងធ្វើឲ្យជន់ឡើងខ្ពស់ខុសប្រក្រតី នៅតាមរដ្ឋញូវសៅវែល នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១។ រីឯប្រជាជនប្រមាណ១០លាននាក់ នៅទូទាំងរដ្ឋ ស្ថិតក្រោមការគំរាមកំហែងពីអាកាសធាតុ លើកលែងតែអូស្រ្តាលីខាងលិច៕