កីឡា ៖ សព័ន្ធកីឡាបាល់ទាត់កូរ៉េត្បូង (KFA) ប្រកាសដូច្នេះនៅថ្ងៃទី២២ ខែមីនា ដោយបញ្ជាក់ថា Son នៅមានបញ្ហារបួសនៅឡើយ។ បញ្ហានេះហើយ ដែល Son Heung-min ខ្សែប្រយុទ្ធ Tottenham Hotspur មិនអាចទៅចូលរួមជាមួយជម្រើសជាតិកូរ៉េខាងត្បូងដើម្បីប្រកួតមិត្តភាពទល់នឹងជប៉ុនក្រុងយូកូហាម៉ាបានទេ។
ខ្សែប្រយុទ្ធឆ្នើមវ័យ ២៨ ឆ្នាំរូបនេះបានរងរបួសសរសៃពួរក្នុងជំនួបដែល Spurs ចាញ់ Arsenal ២-១ នៅ Premier League កាលពី២សប្តាហ៍មុន ប៉ុន្តែរូបគេនៅតែមានឈ្មោះក្នុងក្រុមរបស់គ្រូបង្វឹក Paulo Bento នៅពេលប៉ះជប៉ុនរបស់គ្រូ Hajime Moriyasu នៅថ្ងៃទី២៥ ខែមិនានេះដែល។
របួស Son បានធ្វើឱ្យរូបគេខកខានចូលរួមជាមួយ Spurs ខណៈក្រុមដែលមានលោក Jose Mourinho ជាអ្នកចាត់ការទូទៅនេះបានធ្លាក់ចេញពី Europa League ត្រឹមវគ្គ១៦ក្រុមក្រោមថ្វីជើង Dinamo Zagreb និងមួយប្រកួតទៀតពេលក្រុមទទួលជ័យជម្នះលើក Aston Villa ២-០ ក្នុងក្របខណ្ឌ Premier League នៅថ្ងៃទី២១ ខែមីនា។
ដោយសារអវត្តមានសម្រាប់ Spurs ចំនួនពីរប្រកួតចុងក្រោយនេះ ទើបកំពូលកីឡាករល្អបំផុតនៅអាស៊ីរូបនេះ ត្រូវគេដកខ្លួនជាផ្លូវការចេញពីក្រុមជម្រើសជាតិកូរ៉េខាងត្បូង។ ការដកខ្លួន ក៏ស្របតាមការលើកឡើងរបស់អ្នកចាត់ការលោក Mourinho ផងដែរ៕