វ៉ាស៊ីនតោន ៖ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅតេបន្តចេញមុខរិះគន់ ប្រធានាធិបតីបច្ចុប្បន្ន លោក ចូ បៃដិន ជុំវិញបញ្ហាអន្តោប្រវេសន៍ នៅតំបន់ព្រំដែនរវាងសហរដ្ឋអាមេរិក និងប្រទេសម៉ិចស៊ិកូ។ ដោយនិយាយយ៉ាងថា «យើងបានបន្សល់ទុកឲ្យរដ្ឋបាលលោក បៃដិន នូវប្រទល់ដែលមានសន្តិសុខខ្ពស់បំផុតក្នុងប្រវត្តិសាស្រ្ត។ អ្វីដែលពួកគេត្រូវធ្វើ គឺគ្រាន់តែរក្សាប្រព័ន្ធនេះ ដំណើរការទៅមុខដោយស្វ័យប្រវត្តិប៉ុណ្ណោះ។ ផ្ទុយទៅវិញ ក្នុងពេលត្រឹមប៉ុន្មានសប្តាហ៍នេះ រដ្ឋបាលលោក បៃដិន បែរជាបានប្រែក្លាយជោគជ័យជាតិមួយនេះ ទៅឲ្យមហន្តរាយជាតិទៅវិញ»។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅរសៀលថ្ងៃចន្ទ ទី២២ ខែមីនា ឆ្នាំ២០២១។
លោក ត្រាំ ក៏បានបន្តថា «ផ្លូវតែមួយគត់ ដើម្បីបញ្ចប់វិបត្តិព្រំដែនរបស់លោក បៃដិន គឺពួកគេត្រូវតែទទួលស្គាល់អំពីភាព បរាជ័យសុទ្ធសាធរបស់ពួកគេ ហើយងាកទៅអនុវត្តគោលនយោបាយ ដែលប្រកបដោយប្រសិទ្ធភាព និងត្រូវបានសបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ របស់អតីតរដ្ឋបាលខ្ញុំវិញ។ មួយវិញទៀត ពួកគេត្រូវចាប់ផ្តើមដំណើរការសាងសង់ជញ្ជាំងព្រំដែនវិញជាបន្ទាន់ ដោយមិនគួរបញ្ឈប់ដំណើរការវាឡើយ»។
គួរបញ្ជាក់ថា ពេលលោក ដូណាល់ ត្រាំ នៅកាន់អំណាច លោកមានគោលនយោបាយផ្តោតជាសំខាន់ លើការពង្រឹងសន្តិសុខនៅព្រំប្រទល់ជាមួយម៉ិចស៉ីកូ ដើម្បីបញ្ឈប់លំហូរនៃជនអន្តោប្រវេសន៍ខុសច្បាប់ និងក្រុមរត់ពន្ធគ្រឿងញៀន។ ប៉ុន្តែនៅពេល លោក ចូ បៃដិន ឡើងកាន់អំណាច លោកបានចេញបទបញ្ជា ជាច្រើន ដែលក្នុងនោះរួមមានទាំងការបន្ធូរ បន្ថយច្បាប់អន្តោប្រវេសន៍របស់សហរដ្ឋអាមេរិកផងដែរ ហើយចាប់តាំងពីនោះ លំហូរជនអន្តោប្រវេសន៍ក៏បានកើនឡើងខ្លាំងផងដែរ នៅព្រំប្រទល់អាមេរិក-ម៉ិចស៉ីកូ៕