ភ្នំពេញ ៖ ស្រី្តម្នាក់បានដើរចេញពីវត្តមកបើកទ្វាឲ្យបុរសជនជាតិបរទេសម្នាក់ជិះម៉ូតូចូល ស្រាប់តែទ្វាដួលរលំសង្កត់ពីលើពេញទំហឹងបណ្ដាលឲ្យរបួសយ៉ាងធ្ងន់ធ្ងរហេីយស្លាប់ពេលបញ្ចូនទៅដល់មន្ទីរពេទ្យ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៩យប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ នៅចំណុចក្លោងទ្វារវត្តទឹកថ្លា ជាប់ផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សពស្ត្រីរងគ្រោះខាងលើមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ ដោយស្នាក់នៅក្នុងវត្តទឹកថ្លា មុខរបរជាបុគ្គលិកវេចខ្ចប់សាកសព។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុឃើញបុរសជនជាតិបរទេសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឃ្លិក ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1IP-2901មកឈប់នៅមុខក្លោងទ្វារវត្តទឹកថ្លានៅចំនុចទីតាំងកើតហេតុខាងលើ ស្រាប់តែមួយសន្ទុះក្រោយមកក៍ឃើញស្ត្រីជាជនរងគ្រោះបានដើរចេញពីក្នុងវត្តមកបើកទ្វារដើម្បីឲ្យបុរសជនជាតិបរទេសជិះម៉ូតូចូល។ ខណៈពេលស្ត្រីរងគ្រោះបើកទ្វាររួចហើយបុរសជនបរទេសមិនទាន់នាំគ្នាចូលក្នុងវត្តនោះទេ។ដោយអង្គុយនិយាយលេងមួយសន្ទុះ ក្រោយមកស្ត្រីជាជនរងគ្រោះនឹងបុរសជនជាតិបរទេសខាងលើមិនដឹងនិយាយគ្នាពីអ្វីនោះទេដោយស្ត្រីជនរងគ្រោះបានដើរចូលទៅក្នុងវិញរួចក៏ទាញទ្វារបិត ស្រាប់តែដួលរលំសង្កត់ពីលើជនរងគ្រោះទាំងកំរោលបណ្ដាលឲ្យបែកក្បាលរងរបួសយ៉ាងធ្ងន់ធ្ងរ បន្ទាប់មកក៏មានការភ្ញាក់ផ្អើលរបស់បងប្អូនប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុខាងលើ នាំគ្នាចូលទៅជួយលើកទ្វារចេញ ដើម្បីយកជនរងគ្រោះនិងបញ្ជូនតាមរថយន្តទៅសង្គ្រោះបន្ទាន់ទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ តែអកុសលជនរងគ្រោះរបួសធ្ងន់ធ្ងរពេកបានដាច់ខ្យល់ស្លាប់នៅឯមន្ទីរពេទ្យ ហេីយក៏ត្រូវរថយន្តសង្គ្រោះបន្ទាន់ដឹកសពយកមកដាក់នៅកន្លែងកើតហេតុវិញ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់រួចបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកពិនិត្យនៅនឹងកន្លែង ព្រមទាំងរៀបចំសាកសពយកទៅតម្កល់ទុកក្នុងវត្តទឹកថ្លា រង់ចាំស្រាវជ្រាវរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕