រាជធានីភ្នំពេញ៖ ក្រោយពេលមន្រ្ដីសង្ឃប្រតិកម្មយ៉ាងខ្លាំង ចំពោះលោក ផែង វណ្ណៈ ដែលបានប្រមាថមើលងាយយ៉ាងធ្ងន់ធ្ងរដល់ថេរសភាសង្ឃខេត្ត និងអាជ្ញាធរខេត្តសៀមរាប ហើយក្រសួងព័ត៌មាន ក៏បានដកហូតអាជ្ញាប័ណ្ណគេហទំព័រ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ ទើបនៅថ្ងៃដដែលនោះ គាត់បានសរសេរលិខិតសុំទោសជាសាធារណៈ ចំពោះកំហុសរបស់ខ្លួន។
លោក ផែងវណ្ណៈ បានសរសេរលិខិតសុំទោសជាសាធារណៈ ចំពោះការប្រមាថមកលើព្រះសង្ឃ ថា ឈ្មោះ ផែង វណ្ណៈ អាយុ៥២ឆ្នាំ មុខរបរចាងហ្វាងការផ្សាយគេហទំព័រ Peng Vannak News មានលំនៅភូមិព្រៃកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល។ ខ្ញុំសុំទោសជាសាធារណៈ ចំពោះព្រះសង្ឃគ្រប់ព្រះអង្គ នៅទូទំាងព្រះរាជាណាចក្រកម្ពុជា និងប្រជាពលរដ្ឋមួយចំនួន ដោយហេតុថា កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ ខ្ញុំបាទទទួលវីដេអូ ពាក់ព័ន្ធនឹងសង្ឃប្រើអំពើហិង្សា វាយទៅលើកូននេនរាប់សិបរំពាន់ និងមានរូបភាពស្លាកស្នាមរបួសរបស់កូននេន ពីប្រជាពលរដ្ឋម្នាក់។
លិខិតដដែលនោះ បានបន្ដថា ដោយមើលឃើញអំពើហិង្សាបែបនេះ ខ្ញុំបានផ្សាយជូនដំណឹងនេះដល់អាជ្ញាធរពាក់ព័ន្ធ ស្រាវជ្រាវលើករណីហិង្សានេះ ដើម្បីនាំយកបុគ្គលប្រព្រឹត្តខុស ចាត់ការតាមច្បាប់។ ក្រោយពីខ្ញុំបានផ្សាយព័ត៌មាននេះរួច នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ខ្ញុំបានឃើញអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធនៅខេត្តសៀមរាប បានចុះទៅស្រាវជ្រាវដល់វត្តរាជបូណ៌ ដកហូតបានវត្ថុតាង រំពាត់ផ្ដៅមួយចំនួនធំ និងបានសម្របសម្រួលបញ្ចប់រឿង ដោយឲ្យអធិការ ធ្វើកិច្ចសន្យាមួយសន្លឹក។
លិខិតសុំទោសជាសាធារណៈដដែលនោះ បានបន្ដថា ដោយមើលឃើញអាជ្ញាធរចុះទៅ មិនមានចំណាត់ការ តាមច្បាប់ ចំពោះបុគ្គលសង្ឃដែលប្រពន្ធខុស ហើយម្យ៉ាងទៀត ដូចមានចិត្តអាណិតអាសូរ ចំពោះជនរងគ្រោះ ដែលទទួលរងរបួសផងនោះ និងដោយសារខ្ញុំបាទពុំបានយល់ដឹងវិន័យផ្ទៃក្នុងរបស់ព្រះសង្ឃ ដែលតម្រូវឲ្យអប់រំព្រះសង្ឃ ហើយមិនខុសច្បាប់។ ខ្ញុំក៏បានរិះគន់ខ្លាំងៗទៅលើមន្ត្រីស្រុក និងមន្ត្រីមួយចំនួនដែលចុះទៅសម្របសម្រួល នឹងបុគ្គលសង្ឃដែលប្រព្រឹត្ដនោះ ខ្ញុំបានប្រមាថទៅលើបុគ្គលសង្ឃអង្គ។ ការរិះគន់ និងប្រមាថទៅលើបុគ្គលសង្ឃ ខ្ញុំបាទមិនមានចេតនាប្រមាថព្រះសង្ឃគ្រប់អង្គ នៅទូទាំងប្រទេស និងធ្វើឲ្យប៉ះពាល់ដល់ពុទ្ធសាសនាទេ ដោយគ្រាន់តែចង់បានយុត្ដិធម៌ សម្រាប់ជនរងគ្រោះតែប៉ុណ្ណោះ។
លិខិតដដែល បានបន្ដថា ក្នុងនាមជាពុទ្ធសាសនិកជនម្នាក់ ចង់បានចូលរួមយ៉ាងសកម្ម ក្នុងការកសាងវត្ត ព្រះវិហារ កុដិ សាលា សម្រាប់វិស័យពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ប្រសិនបើស្ថាប័នសង្ឃ និងប្រជាពលរដ្ឋមួយចំនួន យល់ថាការរិះគន់ និងការប្រមាថបុគ្គលសង្ឃថា ជាការប្រមាថចំពោះសង្ឃ និងពុទ្ធសាសនា ខ្ញុំសុំទោសជាសាធារណៈ ចំពោះកំហុសឆ្គង ចាប់ពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះតទៅ៕