ភ្នំពេញ ៖ តាមទំព័រហ្វេសប៊ុក Royal du Cambodge បានសរសេរថា ព្រះរាជដំណើរទស្សនកិច្ចនេះ គឺក្នុងព្រះរាជទតកន្លែងសមាជលើកទី១ នៃបក្សកុម្មុយនិស្តចិន ដែលបានចាប់កំណើតតាំងពីឆ្នាំ១៩២១មក។ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ស្តេចបានយាងបំពេញព្រះរាជទស្សនកិច្ច ទីក្រុងសៀងហៃ នាថ្ងៃទី ១៥ មីនា ឆ្នាំ២០២១។
ក្នុងព្រះរាជដំណើរទស្សនកិច្ចនេះ ព្រះករុណា ព្រះមហាក្សត្រ ព្រះអង្គមានព្រះរាជឱង្ការនាសវនាការ ជាមួយ លោក Li Qiang លេខាធិការនៃគណៈកម្មាធិការគណបក្សក្រុងសៀងហៃ និងលោក Gao Zheng អភិបាលក្រុងសៀងហៃ។ ព្រះករុណា ទ្រង់បានមានព្រះរាជបន្ទូលថា៖«ទីនេះគឺជាទីកន្លែង ដែលមានសារៈសំខាន់ខាងនយោបាយ និងប្រវត្តិសាស្ត្រដ៏អស្ចារ្យ។ ទីតាំងនៃសមាជជាតិលើកទី ១ របស់បក្សកុម្មុយនិស្តចិន បានឲ្យយើងមើលឃើញពីប្រវត្តិសាស្ត្ររបស់បក្សកុម្មុយនិស្តចិន ដែលបានឆ្លងកាត់ការលំបាកយ៉ាងច្រើនក្នុងការកសាងប្រទេស និងបម្រើប្រជាជន»។
សូមបញ្ជាក់ថា ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ព្រះអង្គក៏ធ្លាប់បានបំពេញព្រះរាជទស្សនកិច្ច ទៅកាន់ទីតាំងនេះចំនួន២លើកដែរ គឺនៅក្នុងឆ្នាំ ១៩៦៣ និងឆ្នាំ១៩៧២។
សូមជម្រាបថា ព្រះករុណា ព្រះបាទ សម្តេច ព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងសម្តេចយាយ ទ្រង់បានយាងទៅកាន់ប្រទេសចិន តាំងពីថ្ងៃទី១០មីនាមកម្ល៉េះដើម្បីពិនិត្យ តាមដានព្រះរាជសុខភាពរបស់ព្រះអង្គទាំងទ្វេ តាមការណាត់របស់ក្រុមគ្រូពេទ្យ៕