សេអ៊ូល៖ បើទោះបីរដ្ឋបាលលោកចូ បៃដិន ប្រធានាធិបតីអាមេរិក ប្រឹងប្រែង ទំនាក់ទំនង សុំចរចាក៏ដោយ ក៏រហូតដល់ពេលនេះមេដឹកនាំទីក្រុងព្យុងយ៉ាង នៅតែរឹងរុសមិនព្រមអើពើនឹងសំណើរសុំចរចានេះឡើយ លុះត្រាតែអាមេរិក លុបចោលគោលនយោបាយគាបសង្កត់ចំពោះទីក្រុងព្យុងយ៉ាងជាមុនសិន ។ នេះបើ យោងតាមសារព័ត៌មាន AP ដែលចុះផ្សាយនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះ ។
ប្រភពខាងលើនេះបានឲ្យដឹងថា អនុរដ្ឋមន្ត្រីការបរទេសទី ១ កូរ៉េខាងជើង លោកស្រី ចូ សុនហ៊ុយ (Choe Son Hui) បានធ្វើសេចក្តីថ្លែងការណ៍ដោយបញ្ជាក់ថា អ្វីដែលយើងតែងតែឮពីសហរដ្ឋអាមេរិក តាំងពីររបបថ្មីឡើងកាន់អំណាច នោះគឺវោហាសាស្ត្រចោទប្រកាន់ ការគំរាមកំហែងពីកូរ៉េខាងជើង និងវោហាសាស្ត្រគ្មានការពិត ស្ដីពីការរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុង ។ កូរ៉េខាងជើងបានបញ្ជាក់រួចហើយ អំពីគោលជំហររបស់ខ្លួន នោះគឺគ្មានការកែប្រែនោះទេ ពោលគឺកិច្ចចរចា ឬកិច្ចសន្ទនារវាងអាមេរិក និងកូរ៉េខាងជើងនឹងមិនកើតឡើងឡើយ ទាល់តែសហរដ្ឋអាមេរិកលុបចោល គោលនយោបាយអរិយភាពរបស់ខ្លួន ចំពោះទីក្រុងព្យុងយ៉ាងជាមុនសិន ។
សូមជម្រាបថា សេចក្តីថ្លែងការរបស់លោកស្រី ចូ សុនហ៊ុយ (Choe Son Hui)នេះ ធ្វើឡើងប៉ុន្មានម៉ោងប៉ុណ្ណោះ មុននឹងរដ្ឋមន្ត្រីការបរទេស និងការពារជាតិរបស់សហរដ្ឋអាមេរិក ត្រូវជួបពិភាក្សាគ្នាជាមួយសមភាគីកូរ៉េខាងត្បូង នៅក្នុងទីក្រុងសេអ៊ូល ក្នុងថ្ងៃព្រហស្បតិ៍នេះ ។ កាលពីដើមសប្តាហ៍នេះ ប្អូនស្រីលោក គីម ជុងអ៊ុន គឺអ្នកនាងគីម យ៉ូ ចុង បានព្រមានសហរដ្ឋអាមេរិកឲ្យបញ្ឈប់ធ្វើសកម្មភាពបង្ករឿងបើចង់នៅសុខរយៈពេល៤ឆ្នាំទៀត ៕