បរទេស៖ បើតាមសេចក្ដីរាយការណ៍ស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក បានឲ្យដឹងថា រុស្ស៊ី បានព្យាយាម ធ្វើឲ្យមានឥទ្ធិពលលើការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ ហើយករណីនេះ មិនមែនជាចិននោះទេ។
សារព័ត៌មានសិង្ហបុរី CNA បានផ្សាយ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ថា លោក វ៉្លាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី ទំនងជាដឹកនាំកិច្ចខិតខំប្រឹងប្រែង ដែលរដ្ឋាភិបាលទីក្រុងមូស្គូ ព្យាយាមបង្វែរលទ្ធផល នៃការបោះឆ្នោតប្រធានាធិបតីអាមេរិក ឆ្នាំ២០២០ ដើម្បីជួយឲ្យលោក ដូណាល់ ត្រាំ អតីតប្រធានាធិបតីអាមេរិក ឈ្នះឆ្នោតមួយអាណត្ដិទៀត។ នេះបើតាមរបាយការណ៍របស់ភ្នាក់ងារស៊ើបការណ៍សម្ងាតរបស់សហរដ្ឋអាមេរិក បានចេញផ្សាយ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១។ ករណីនេះមានការពាក់ព័ន្ធឹងវិមានក្រឹមឡាំងរបស់ប្រធានាធិបតីរុស្ស៊ី និងសម្ព័ន្ធមិត្តរបស់លោក ត្រាំ។
របាយការណ៍ មានកម្រាស់១៥ទំព័រ ចេញផ្សាយដោយការិយាល័យប្រធានមន្ទីរស៊ើបការណ៍ជាតិ បានបន្ថែមការចោទប្រកាន់ជាយូរមកហើយថា មនុស្សជំនិតមួយចំនួនរបស់លោក ត្រាំ កំពុងស្ថិតនៅក្នុងកណ្ដាប់ដៃរបស់រដ្ឋាភិបាលទីក្រុងមូស្គូ ដោយជំរុញឲ្យមានពាក្យបណ្តឹងប្រឆាំងនឹងបេក្ខជនប្រធានាធិបតី លោក Joe Biden។ របាយការណ៍ដដែល បានបន្ថែមពីការរកឃើញថ្មីថា លោក ពូទីន អាចឃ្លាំមើល ឬយ៉ាងហោចណាស់បានអនុម័តលើការបោះឆ្នោតជ្រើសរើស ដើម្បីផ្តល់ផលប្រយោជន៍ដល់លោក ត្រាំ ផងដែរ៕