បរទេស៖ ក្រោយពេលក្រុមយោធាបង្ក្រាបយ៉ាងឃោរឃៅទៅលើក្រុមអ្នកតវ៉ា បណ្ដាលឲ្យស្លាប់ជា១៨០នាក់ និងបាត់ខ្លួនរាប់រយនាក់នោះមក បណ្ដាព្រះសង្ឃដ៏មានឥទ្ធិពល នៅក្នុងប្រទេសនេះ បានចេញមុខ ចាប់ផ្ដើមធ្វើសកម្មភាព អំពាវនាវឲ្យយោធាបញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់អំពើហិង្សា ប្រឆាំងនឹងក្រុមបាតុករអហិង្សា។
សារព័ត៌មាន Myanmar Now បានចេញផ្សាយ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ ថា គណៈកម្មាធិការព្រះសង្ឃ នៃប្រទេសមីយ៉ាន់ម៉ា ហៅកាត់ Mahana បានចេញសេចក្តីថ្លែងការណ៍មួយថា សមាជិកខ្លួនមានបំណង នឹងផ្អាកសកម្មភាពនានា ក្នុងន័យជាសញ្ញាតវ៉ា ប្រឆាំងនឹងទង្វើរបស់យោធា។ គណៈកម្មាធិការ Mahana គ្រោងនឹងចេញសេចក្តីថ្លែងការណ៍ចុងក្រោយរបស់ខ្លួន ក្រោយពិគ្រោះជាមួយរដ្ឋមន្រ្តីកិច្ចការសាសនា នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១។
សារព័ត៌មានសិង្ហបុរី CNA បានចេញផ្សាយ នៅថ្ងទី១៧ ខែមីនា ថា សាច់ញតិ និងក្រុមគ្រួសាររបស់ជនរងគ្រោះ ដែលត្រូវបាញ់សម្លាប់ ដោយកងកម្លាំងយោធាមីយ៉ាន់ម៉ា មានចំនួនរាប់ពាន់នាក់បាននាំគ្នាមកចូលរួមពិធីបុណ្យសពរបស់ពួកគេ កាលពីថ្ងៃអង្គារទី១៦ ខែមីនា ខណៈក្រុមអ្នកតវ៉ាបានប្រឆាំងនឹងកងកម្លាំងសន្តិសុខសាជាថ្មីម្តងទៀត ទោះជាមានចំនួនអ្នកស្លាប់កើនឡើងក៏ដោយ។ អ្នកកាន់ទុក្ខរាប់រយនាក់បានចេញមកតាមដងផ្លូវ ដើម្បីចូលរួមពិធីបុណ្យសពរបស់និស្សិតពេទ្យ Khant Nyar Hein ដែលត្រូវបានសម្លាប់ នៅទីក្រុងយ៉ាំងហ្គោន កាលពីថ្ងៃអាទិត្យ ទី១៤ ខែមីនា ឆ្នាំ២០២១ ដែលជាថ្ងៃបង្ហូរឈាមដ៏ខ្លាំងបំផុត នៅក្នុងបាតុកម្មអស់ជាច្រើនសប្តាហ៍ បន្ទាប់ពីមេដឹកនាំយោធាធ្វើរដ្ឋប្រហារ រឹបអូសអំណាចពីរដ្ឋាភិបាលជាប់ឆ្នោតកាលពីថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ២០២១។
ដោយឡែកបារាំង បានថ្លែងថា ដោយសារតែស្ថានភាពវិបត្ដិ និងអំពើហិង្សា នៅក្នុងប្រទេសមីយ៉ាន់ម៉ា កាន់តែអាក្រក់ទៅ ហើយប្រជាពលរដ្ឋជាច្រើននាក់ ត្រូវសម្លាប់ដោយកងកម្លាំងប្រដាប់អាវុធ នៃប្រទេសនេះ សហភាពអឺរ៉ុបនឹងសម្រេចការដាក់ទណ្ឌកម្មប្រឆាំងនឹងរបបយោធា នៅថ្ងៃចន្ទសប្ដាហ៍ក្រោយ។
សូមជម្រាបថា ក្រុមព្រះសង្ឃមីយ៉ាន់ម៉ា ជាកម្លាំងតស៊ូជួរមុខ នៃចលនាបដិវត្តន៍ ប្រឆាំងនឹងរបបយោធា កាលពីឆ្នាំ២០០៧ ដើម្បីជួយត្រួសត្រាយផ្លូវ សម្រាប់ការឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ។ បើតាមក្រុមសិទ្ធិមនុស្ស នៅមីយ៉ាន់ម៉ា បានឲ្យដឹងថា ចាប់តាំងតែពីភាពវឹកវរបានផ្ទុះឡើង កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ បាតុករជាង១៨០នាក់បានបាត់បង់ជីវិត ក្រោមការបង្រ្កាបយ៉ាងឃោរឃៅ ពីសំណាក់អាជ្ញាធររបស់មេដឹកនាំរដ្ឋប្រហារយោធា៕