ភ្នំពេញ ៖ បន្ទាប់ពីបែកធ្លាយ នូវឃ្លីប វីដេអូរ នៃអំពើហិង្សា ជាច្រើន របស់លោកឧកញ៉ា ឌួង ឆាយ ទៅលើអតីត ភរិយា ដែលបានបង្ហាញពីសកម្មភាព ដ៏ឃោឃៅមួយ ហាក់ដូចជា មនុស្សមិនមានការអប់រំ។ ដោយឃើញពីទង្វើរដ៏សាហាវបែបនេះ ក្រសួងកិច្ចការនារី នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសចំពោះ ឧកញ៉ា ឌួង ឆាយ ដែលបានប្រើអំពើហិង្សាលើអតីតភរិយា គឺអ្នកស្រី ដេត ម៉ាលីណា។
ក្រសួងកិច្ចការនារី ៖ «ក្រសួងកិច្ចការនារី សូមធ្វើការថ្កោលទោសចំពោះអំពើហិង្សាក្នុងគ្រួសារ ដែលបានកើតឡើងលើអ្នកស្រី ដេត ម៉ាលីណា ដែលបានបង្ហោះតាមបណ្ដាញហ្វេសប៊ុក កាលពីយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១។ អំពើហិង្សាគ្រប់ទម្រង់ និងគ្រប់រូបភាពណាក៏ដោយ ជាអំពើដែលមិនអាចទទួលយកបាន និងមិនអាចអត់ឱនឱ្យបានទេ ហើយជនរងគ្រោះ កូន និងអ្នកពាក់ព័ន្ធត្រូវទទួលបានកិច្ចការពារដោយច្បាប់ និងសេវាសង្គម ហើយជនប្រព្រឹត្តត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន»។
អំពើហិង្សាក្នុងគ្រួសារដែលបានកើតឡើងចំពោះមុខកូនស្រីប្រុសជាកុមារ ដោយផ្ទាល់ និង/ឬ ដោយប្រយោលក្តី នឹងបង្កផលប៉ះពាល់ជាអវិជ្ជមានយ៉ាងខ្លាំងលើសតិអារម្មណ៍ បញ្ញាស្មារតី ព្រមទាំងការលូតលាស់ទាំងសុខភាព រូបរាងកាយ និងផ្លូវចិត្តរបស់កុមារ ជាពិសេសការដិតដាមនូវអំពើហិង្សាធ្ងន់ធ្ងរ ជាកត្តាជំរុញឱ្យកុមារនឹងអាចក្លាយទៅជាអ្នកប្រើប្រាស់អំពើហិង្សានៅពេលដែលពួកគេធំដឹងក្តី។ ផ្ទុយទៅវិញ ឪពុក ម្តាយ មានកាតព្វកិច្ចជួយសង្គ្រោះគ្នា ឧបត្ថម្ភគ្នាទៅវិញទៅមកនិងធ្វើជាគំរូដល់កូនៗក្នុងការដោះស្រាយបញ្ហាតាមបែបអហិង្សា ព្រមទាំងមានកាតព្វកិច្ចចិញ្ចឹមបីបាច់ ថែរក្សា និងអប់រំកូនៗ ឱ្យក្លាយជាពលរដ្ឋល្អសម្រាប់សង្គមជាតិដោយគោរពតាមស្មារតីនៃច្បាប់ ប្រពៃណី និងទំនៀមទម្លាប់ ជាពិសេស ត្រូវចូលរួមលើកកម្ពស់ និងការពារសិទ្ធិស្រ្តី និងកុមារ។
សូមបញ្ជាក់ផងដែរថា ៖ ហិង្សាដោយចេតនា គឺជាអំពើបៀតបៀនលើរូបរាងកាយរបស់អ្នកដទៃដោយចេតនាតាមគ្រប់មធ្យោបាយទុច្ចរិត ដែលបណ្តាលឲ្យ មានរបួស ឬគ្មានរបួស ឬខូចសុខភាពជាដើម។ យោងតាមក្រមព្រហ្មទណ្ឌកម្ពុជា ឆ្នាំ២០០៩ មាត្រា២១៧ បានបញ្ញត្តិថា អំពើហិង្សាប្រព្រឹត្តដោយចេតនាលើអ្នកដទៃ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ពី ២,០០០,០០០រៀល ទៅ ៦,០០០,០០០រៀល៕