រ៉ង់ហ្គូន៖ រដ្ឋអំណាចយោធាមីយ៉ាន់ម៉ា បានសម្រេចប្រកាសដាក់តំបន់ដាហ្គនខាងជើង (North Dagon), ដាហ្គនខាងត្បូង (South Dagon), ដាហ្គន សេកកាន (Dagon Seikkan), និង អូកកាឡាផាខាងជើង (North Okkalapa) នៃទីក្រុងរ៉ង់ហ្គូន ត្រូវឲ្យស្ថិតក្នុងច្បាប់អាជ្ញាសឹក ។ នេះបើយោងតាមសារព័ត៌មាន ស៊ីនហួរ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ។
បើតាមប្រភពដដែលបានជម្រាបបន្ថែមថា មេបញ្ជាការប្រចាំតំបន់រ៉ង់ហ្គូន បាន ទទួលអំណាចពីយោធាមីយ៉ាន់ម៉ា ដើម្បីគ្រប់គ្រងរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ការពារនីតិរដ្ឋ និងទប់ស្កាត់ភាពចលាចល ។ ការប្រកាសដាក់ឲ្យអនុវត្តច្បាប់នេះ បន្ទាប់ពីភូមិសាស្រ្ត ហ្លេងថាយ៉ា (Hlaingthaya) និង ស្វេ ព្យី ថា (Shwe Pyi Thar) នៃតំបន់រ៉ង់ហ្គូនកាលពីថ្ងៃម្សិលម៉ិញនេះ រងការដុតបំផ្លាញ ។
សូមជម្រាបថា ស្ថានភាពនយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ា ហាក់មានការកើនកំដៅខ្លាំងៗ រវាងអំណាចយោធាមីយ៉ាន់ម៉ា និងក្រុមបាតុករ ដែលរហូតមកដល់ពេលនេះ មានអ្នកស្លាប់ អ្នករងរបួស និងអ្នកជាប់ពន្ធនាគាររាប់សិបនាក់ ៕