ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់ ត្រូវបានសមត្ថកិច្ច ព័ទ្ធចាប់ ក្រោយពីធ្វើសកម្មភាព យ៉ាងព្រៃផ្សៃ កាន់កាំបិតផ្គាក់ ទៅកាប់ កុមារា ម្នាក់អាយុទើបតែមួយខួបកន្លះ ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ កាលពីរសៀលនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ នៅចំណុច ភូមិអំពិលផ្អែម ឃុំរលាំង ចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យជាឃាតករ មាន ឈ្មោះ អៀង រ៉ាដូរ ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅ ភូមិអំពិលផ្អែមឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ តាមការអោយដឹងពីពលរដ្ឋអ្នក រស់ នៅក្នុងភូមិ ថាជាមនុស្សមានប្រវត្ដិ វិប្បល្លាស ស្មារតី(ឆ្កួត)។
ចំណែក ជនរងគ្រោះឈ្មោះ ភួង សុខណាន់ ភេទប្រុស អាយុមួយខួបកន្លះ ត្រូវជាកូនរបស់ឈ្មោះ ឃុន ស្រីនាង អាយុ២៥ឆ្នាំ រស់នៅភូមិឃុំខាងលើ។
មុនពេលកើតហេតុ ជនរងគ្រោះ ត្រូវ បាន ឈ្មោះ តុ ញ ភេទស្រី អាយុ៧ឆ្នាំ ជាក្មួយស្រ្ដីជាម្ដាយជនរងគ្រោះ ពរដើរលេងនៅម្តុំមុខផ្ទះជនល្មើស ស្របពេលនោះ ជនល្មើស បានកាន់កាំបិតផ្គាក់ចេញពីក្នុងផ្ទះ រួចរត់សំដៅមកកាប់ជនរងគ្រោះបណ្តាលឲ្យស្លាប់ហ្នឹងកន្លែងតែម្តង។ ស្លាកស្នាមកាប់ត្រូវ ក ខាងស្តាំលើថ្ងាស។
ក្រោយធ្វើ សកម្មភាព ជនល្មើស បានរត់ចូលក្នុងផ្ទះ បិតទ្វារដោយធ្វើសកម្មភាពដុតផ្ទះ ប្រជាពលរដ្ឋ និង សមត្ថកិច្ច បានចុះឡោមព័ទ្ធនិងមានកិច្ចអន្ដរាគមន៍ បន្ទាន់ពីក្រុមរថយន្ដសង្រ្គោះអគ្គិភ័យ អធិការដ្ឋាននគរបាល ស្រុកសំរោងទង និងរថយន្ដរបស់ស្នងការ ដ្ឋាន នគរបាល ខេត្តកំពង់ស្ពឺ ប៉ុន្តែជនល្មើសបានសម្ងំលាក់ខ្លួន មិនព្រមចេញ ដោយស្ថានភាពមិនល្អជំនាញបានស្នើសុំយោបល់ សម្រេចប្រើប្រាស់មធ្យោបាយ អាវុធ ដែលបំពាក់ក្បាលគ្រាប់ផ្សែងពុល ដើម្បី ចូលចាប់ជនល្មើស។
តាមការបញ្ជាក់ ពីលោកឧត្ដម សេនីយ៍ត្រី រស់ រដ្ឋា ស្នងការរងខេត្ដ ដែលបានចូលរួមក្នុងប្រតិបត្តិការខាងលើបានប្រើប្រាស់ គ្រប់មធ្យោបាយរហូតឈានដល់ការបំបែកករណីឃាតកម្ម និងចាប់ជនល្មើស រួចបញ្ជូនទៅ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចំណាត់ការតាមផ្លូវច្បាប់៕