ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានម្ចាស់ផ្ទះជួលនិងអ្នកជិតខាង នាំគ្នាចាប់ខ្លួនបានរួចប្រគល់ជូននគរបាលប៉ុស្តិ៍ចោមចៅទី១ ដើម្បីសាកសួរនិងចាត់ការតាមច្បាប់ ខណៈជននេះធ្វើសកម្មភាពចាប់ប្អូនស្រីរបស់គូដណ្ដឹងខ្លួនរំលោភ ប៉ុន្តែមិនបានសម្រេចដោយនាងរើបម្រាស់ព្រមទាំងខាំអណ្ដាតជននេះនិងស្រែកបង្កការភ្ញាក់ផ្អើល។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១៤ ខែមិនា ឆ្នាំ២០២១ នៅក្នុងបន្ទប់ជួលលេខ0៤A ផ្លូវបេតុង ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យឈ្មោះ ប៉ិច លីឃឹម អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅក្នុងបន្ទប់កើតហេតុ ចំណែកស្រ្តីរងគ្រោះអាយុ២១ឆ្នាំស្នាក់នៅបន្ទប់ផ្ទះជួលជាមួយគ្នានោះដែរ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា ជនសង្ស័យនិងបងស្រីរបស់នារីរងគ្រោះ គឺត្រូវជាគូដណ្ដឹងនិងគ្នា ហើយបានស្នាក់នៅក្នុងបន្ទប់ជួលជាមួយគ្នា មួយរយៈពេលកន្លងមកហើយ លុះដល់វេលាព្រឹកថ្ងៃកើតហេតុស្រ្តីជាគូដណ្ដឹង បានចេញទៅធ្វើការដោយទុកឲ្យជនសង្ស័យនិងប្អូនស្រី (ជនរងគ្រោះ) នៅក្នុងបន្ទប់តែ២នាក់។ ខណៈនោះនារីរងគ្រោះបានដេកមើលទូរស័ព្ទនៅក្នុងបន្ទប់ហើយជនសង្ស័យ ក៏បានបិទទ្វារខ្ទាស់គន្លឹះជាប់ រួចចាប់ ឱបថើបសម្រាតខោនាង និងលូករាវស្ទាបប្រដាប់ភេទនិងច្របាច់សុដនព្រមទាំងបឺតមាត់នាង បម្រុងរំលោភ។
ប្រភពដដែលបានបន្តទៀតថា ប៉ុន្តែខណៈនោះត្រូវបាននាងរើបម្រាស់មិនព្រមនិងខាំអណ្ដាតជននោះបណ្ដាលឲ្យរងរបួសហូរឈាម រួចស្រែកយំខ្លាំងបង្កឲ្យមានការភ្ញាក់ផ្អើល
អ្នកជិតខាងនិងម្ចាស់ផ្ទះជួលនាំគ្នាទៅមើលនិងគោះទ្វារទើបជនសង្ស័យលេងនារីរងគ្រោះ។ បន្ទាប់មកនាងបានបើកទ្វារចេញមកក្រៅប្រាប់អ្នកជិតខាងថា ជនសង្ស័យចាប់រំលោភនាង ទើបអ្នកជិតខាងនិងម្ចាស់ផ្ទះជួលឃាត់ខ្លួនជននេះប្រគល់ជូននគរបាលដើម្បីសាកសួរនិងចាត់ការតាមច្បាប់៕