ហាវ៉ៃ៖ ប្រទេសមហាអំណាចអាមេរិក មានគោលដៅពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក និងលើកកម្ពស់យុទ្ធសាស្ត្រកំញើញប្រឆាំងនឹងមហាអំណាចដ៏ធំនៅអាស៊ីគឺប្រទេសចិន ។ នេះបើយោងតាមសម្តីរបស់រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានលើកឡើងក្នុងដំណើរទស្សនកិច្ច ទៅកាន់តំបន់អាស៊ី ដែលសារព័ត៌មាន Reuters នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១នេះ ។
លោក Lloyd Austin ថ្លែងក្នុងដំណើរទស្សនកិច្ច នៅទីបញ្ជាការយោធាអាមេរិកនៃតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ប្រចាំរដ្ឋហាវ៉ៃថា គោលបំណងរបស់យើង គឺធ្វើឱ្យ ប្រាកដថាយើងមានសមត្ថភាព និងមានផែនការប្រតិបត្តិការនានា ដើម្បីអាចបង្កើតយុទ្ធសាស្ត្រដ៏គួរឱ្យទុកចិត្តកំញើញចិន ឬអ្នកទាំងឡាយណាដែលចង់ប្រឆាំង ឬប្រឈមមុខជាមួយសហរដ្ឋអាមេរិក ។ ខណៈសហរដ្ឋអាមេរិកបានផ្ដោតជាសំខាន់លើការប្រយុទ្ធប្រឆាំងនឹងក្រុមភេរវករនៅក្នុងតំបន់ មជ្ឈិមបូព៌ា ចិនបានឆ្លៀតឱកាសធ្វើទំនើបកម្មយោធារបស់ខ្លួនយ៉ាងលឿនរហ័សបំផុត ។
បើតាមការគ្រោងទុក ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅរដ្ឋហាវ៉ៃ រដ្ឋមន្ត្រីការពារជាតិអាមេរិករូបនេះ នឹងចូលរួមជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បំពេញទស្សនកិច្ចទៅកាន់ទីក្រុងតូក្យូ និងទីក្រុងសេអ៊ូល នៅសប្ដាហ៍ក្រោយនេះ ហើយនេះគឺជាដំណើរទស្សនកិច្ចមកកាន់តំបន់អាស៊ីជាលើកដំបូងរបស់លោកក្នុងនាមជារដ្ឋមន្ត្រីការពារជាតិអាមេរិក ៕