វ៉ាស៊ីនតោន៖ បើទោះបីជារដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ប្រឹងប្រែងទំនាក់ទំនងជាមួយកូរ៉េខាងជើងនៅក្រោយឆាកការទូតក៏ដោយ ក៏មេដឹកនាំទីក្រុងព្យុងយ៉ាង ហាក់ព្រងើយកន្តើយនឹងសកម្មភាពនេះ ។ នេះបើយោងតាមសារព័ត៌មាន Reuters នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ ។
ប្រភពខាងលើដដែលនេះបានបន្ថែមឲ្យដឹងថា មន្ត្រីជាន់ខ្ពស់ម្នាក់នៃរដ្ឋបាលលោក បៃដិនក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានបង្ហើបថា រដ្ឋបាលលោក បៃដិនបានចាប់ផ្ដើមព្យាយាមទំនាក់ទំនងជាមួយកូរ៉េខាងជើង តាំងតែពីពាក់កណ្ដាលខែកុម្ភៈម៉្លេះ ក្នុងនោះរួមមានទាំង ការទំនាក់ទំនងជាមួយបេសកកម្មការទូតកូរ៉េខាងជើងប្រចាំអង្គការសហប្រជាជាតិ។ តែខាងកូរ៉េខាងជើងមិនបានឆ្លើយមកវិញនោះទេ ។
សូមជម្រាបថា ការបង្ហើបពីការបរាជ័យក្នុងការទំនាក់ទំនងជាមួយកូរ៉េខាងជើង កំពុងបង្កឲ្យមានការចោទសួរសំនួរថាតើលោក ចូ បៃដិន អាចនឹងដោះស្រាយ ភាពតានតឹងជាមួយកូរ៉េខាងជើងបានយ៉ាងដូចម្ដច ជាពិសេសពាក់ព័ន្ធនឹងកម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់ទីក្រុងព្យុងយ៉ាង ៕