ភ្នំពេញ ៖ រថយន្ត ស៊េរីទំនើប Mercedes GL 320 មួយគ្រឿង បានបោះពួយ ទៅបុករបាំងថ្មររង្វង់មូលគល់ស្ពានព្រែកព្នៅតាមបណ្ដោយផ្លូវវិមានឈ្នះឈ្នះពេញទំហឹង ជ្រុលទៅបុកដើមឈើមួយដើមទៀតទៅមុខលែងរួច បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ស្ថិតត្រង់ចំណុចរង្វង់មូលទី១ នៃសួនច្បាខាងកើតស្ពានព្រែកព្នៅ តាមបណ្តោយមហាវិថីឈ្នះឈ្នះ ក្នុងភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ក្រោយកើតហេតុ ម្ចាស់រថយន្ត បានទុករថយន្តចោល រួចចាកចេញទៅបាត់បន្សល់ទុករថយន្តមួយគ្រឿងខាងលើនៅនឹងកន្លែងកើតហេតុ។
សមត្ថកិច្ចបានឲ្យដឹងថាពេលមកដល់សមត្ថកិច្ចឃើញ រថយន្តសេរីទំនើបមួយគ្រឿងម៉ាក Mercedes GL320 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AG-0899 នៅជាប់គល់ដើមឈើ ត្រង់រង្វង់មូលសួនច្បារ មហាវិថីវិឈ្នះឈ្នះ ដោយសភាព ខូចខាតផ្នែកខាងមុខយ៉ាងដំណំ និងដើមឈើមួយដើមក៏របើកសំបកផ្នែកគល់នៃដើមឈើសង្ស័យរថយន្ត ស៊េរីទំនើប Mercedes GL 320 មួយគ្រឿងនេះបើកបរតាមបណ្តោយមហាវិថីឈ្នះឈ្នះ ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន ខណ:មកដល់រង្វង់មូលសួនច្បារ ចំណុចកើតហេតុ ដោយម្ចាស់រថយន្តខ្វះការប្រុងប្រយ័ត្ន ក៏បួងចង្កូតមិនទាន់រេទៅបុករបាំងថ្មររង្វង់មូលពេញទំហឹង ដោយរថយន្តមិនទាន់អស់ល្បឿន ជ្រុលទៅបុកដើមឈើមួយដើមទៀតទៅមុខលែងរួច ហើយម្ចាស់រថយន្តក៏បានទុករថយន្តចោលរួចចាកចេញទៅបាត់បន្សល់ទុករថយន្តចោលនៅកន្លែងកើតហេតុមិនដឹងថា ម្ចាស់ថយន្តមានរបួសឬអត់នោះទេ។
លុះព្រឹកវេលាម៉ោង ៨និង៣០ នាទីព្រឹក ទើបប្រជាពលរដ្ឋប្រទះឃើញរថយន្តរួចរាយការណ៍ទៅសមត្ថកិច្ចចុះមកមេីលដល់កន្លែងកើតហេតុ ទើបកម្លាំងសមត្ថកិច្ចមូលដ្ឋាន រួមកម្លាំងសមត្ថកិច្ចជំនាញ បានចុះមកដល់ចំណុចកើតហេតុ រួចធ្វើការវាស់វែងស្ទួចយករថយន្តទៅរក្សាទុកនៅផ្នែកចរាចរណ៍ផ្លូវគោក នៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារបណ្តោះអាសន្ន ដើម្បីរង់ចាំម្ចាស់រថយន្តចូលខ្លួនដោះស្រាយជាក្រោយ៕