អង្គការសុខភាពពិភពលោកបាននិយាយកាលពីថ្ងៃសុក្រថាគ្មានហេតុផលអ្វីដែលត្រូវបញ្ឈប់ការប្រើប្រាស់វ៉ាក់សាំង AstraZeneca បន្ទាប់ពីប្រទេសជាច្រើននៅទ្វីបអឹរ៉ុបរួមទាំងប្រទេសថៃបានពន្យារពេលការចាក់វ៉ាក់សាំងនេះ ដោយសារការភ័យខ្លាចបន្ទាប់ពីមានរបាយការណ៍ថាក្រោយពេលចាក់វ៉ាក់សាំងគេឃើញថាអ្នកទទួលវ៉ាក់សាំងនោះមានដុំកំណក់ឈាមក្នុងសសៃធ្ងន់ធ្ងរ ។
អង្គការសុខភាពពិភពលោកដែលបាននិយាយថាគណៈកម្មាធិការផ្តល់ថ្នាំបង្ការរបស់ខ្លួនកំពុងពិនិត្យមើលទិន្នន័យសុវត្ថិភាព នឹងដោយបានសង្កត់ធ្ងន់ថាគ្មានមូលហេតុណាមួយដែលក្រោយពេលចាក់វ៉ាក់សាំងរួចហើយមានការកកឈាមក្នុងសរសៃនោះទេ។
ទីភ្នាក់ងារសុខាភិបាលរបស់អង្គការសហប្រជាជាតិក៏បានលើកឡើងផងដែរថាបន្ទាប់ពីចាក់វ៉ាក់សាំងការពារមេរោគឆ្លងជាង២៦០លានដុសរហូតមកដល់ពេលនេះនៅជុំវិញពិភពលោកមិនទាន់មានអ្នកស្លាប់ណាម្នាក់ត្រូវបានគេសន្មត់ថាបានស្លាប់បន្ទាប់ពីចាក់វ៉ាក់សាំងនៅឡើយទេ។
ប្រទេសដាណឺម៉ាក ន័រវែស និងអ៊ីស្លង់បានផ្អាកការប្រើប្រាស់វ៉ាក់សាំងAstraZenecaនបន្ទាប់ពីមានរបាយការណ៍ដាច់ដោយឡែកមួយដោយអ្នកទទួលវ៉ាក់សាំងរួចហើយមានដុំកំណក់ឈាមក្នុងសរសៃធ្ងន់ធ្ងរ។
ប្រទេសអ៊ីតាលី និងអូទ្រីសក៏បានហាមឃាត់ការប្រើប្រាស់ការចាក់វ៉ាក់សាំង AstraZeneca ផងដែរ ចំណែកឯប្រទេសថៃ និងប៊ុលហ្គារីក៏ពន្យាពេលនៃការចាក់វ៉ាក់សាំងនេះផងដែរ។
អ្នកនាំពាក្យអង្គការសុខភាពពិភពលោកលោកស្រី Margaret Harris បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅឯសន្និសីទខ្លីមួយនៅទីក្រុងហ្សឺណែវថា ” AstraZeneca គឺជាវ៉ាក់សាំងដ៏ល្អបំផុតមួយដែលកំពុងត្រូវបានប្រើប្រាស់” ។
លោកស្រីបានបន្ថែមថា“ មែនហើយយើងគួរតែបន្តប្រើប្រាស់វ៉ាក់សាំង AstraZeneca” លោកស្រីបានសង្កត់ធ្ងន់ថាទោះបីជាយ៉ាងណាក្តីរឿងមួយនេះត្រូវតែធ្វើការស៊ើបអង្កេតដោយម៉ត់ចត់។
ជាចុងក្រោយ លោកស្រីមានប្រសាសន៍ថា“ យើងត្រូវតែធានាថាបន្ទាប់ពីចាក់វ៉ាក់សាំងរួចហើយយើងមានសុវត្ថិភាព ទន្ទឹមនឹងនោះដែរយើងត្រូវតែតាមដានឲ្យបានដិតដល់បន្ទាប់ពីចាក់វ៉ាក់សាំងរួច ប៉ុន្តែមិនមានការបង្ហាញណាមួយថាយើងត្រូវឈប់ប្រើវ៉ាក់សាំង AstraZenecaនេះឡើយ” ៕
ប្រភព៖ Bangkok Post