រ៉ង់ហ្គូន៖ ក្រុមបាតុករមីយ៉ាន់ម៉ាចំនួន ០៦នាក់ទៀតហើយត្រូវបានស្លាប់បាត់បង់ជីវិតក្នុងចលនាបាតុកម្ម ដោយសារការបង្ក្រាបពីក្រុមយោធាសន្តិសុខជាតិ ។ នេះបើយោងតាមសារព័ត៌មាន CNA ដែលចេញផ្សាយនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ។
ប្រភពដដែលនេះបន្តថា បាតុករម្នាក់បានស្លាប់ក្នុងការបង្ក្រាប នៅសង្កាត់ដាហ្គនខាងជើង (North Dagon) នៃទីក្រុងរ៉ង់ហ្គូន ខណៈបាតុករ ០៥នាក់ទៀតបានស្លាប់នៅក្នុងក្រុង ម្យែង (Myaing) ភាគកណ្តាលប្រទេសមីយ៉ាន់ម៉ា ។ ក្រៅពីនេះមាន បាតុករម្នាក់ទៀតបានសន្លប់បាត់ស្មារតី និងកំពុងស្ថិតក្នុងមន្ទីរពេទ្យ ដើម្បីទទួលការសង្គ្រោះបន្ទាន់ ។
ចាប់តាំងពីថ្ងៃទី០១ ខែកុម្ភៈ ដែលអន្តរជាតិចាត់ទុកថា ជារដ្ឋប្រហារយោធា ទម្លាប់រដ្ឋាភិបាលស៊ីវីល របស់លោកស្រី អ៊ុង សានស៊ូជី ដែលរហូតដល់ពេលនេះ
មានបាតុករជាង ៦០នាក់ហើយបានបាត់បង់ជីវិត និងជាង ២,០០០នាក់ទៀតរងរបួស ។
ពាក់ព័ន្ធនឹងករណីនៅមីយ៉ាន់ម៉ានេះដែរ ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ (UNSC) ដែលមានសមាជិក ១៥ប្រទេស បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយថ្កោលទោសការបង្ក្រាបដោយហិង្សា ពីសំណាក់របបយោធាមីយ៉ាន់ម៉ា ទៅលើក្រុមបាតុករ និងបានជំរុញឲ្យយោធា បញ្ឈប់អំពើហិង្សា និងងាកទៅដោះស្រាយបញ្ហាតាមរយៈការទូត និងកិច្ចសន្ទនា ។
ដោយឡែកអង្គការលើកលែងទោសអន្តរជាតិ (Amnesty International) ក៏បានចោទប្រកាន់យោធាមីយ៉ាន់ម៉ាផងដែរ ពីបទប្រើប្រាស់កម្លាំងបាយប្រឆាំងនឹងក្រុមបាតុករ ហើយអង្គការនេះក៏បានគូសបញ្ជាក់ទៀតថា ការសម្លាប់មនុស្សជាច្រើនករណីនៅមីយ៉ាន់ម៉ា ត្រូវបានធ្វើឡើងនៅក្រៅប្រព័ន្ធតុលាការ ផងដែរ ៕