ស្រុកព្រៃនប់ ៖ មានករណីរថយន្តក្រឡុកស៊ីម៉ង់ត៌ មួយគ្រឿង កាលពីយប់ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ ដោយចេញពីគោលដៅពីខេត្តព្រះសីហនុឆ្ពោះទៅខេត្តកំពត បានបន្លំដឹកអ្នកដំណើរម្នាក់ ឆ្លងគោលដៅសមត្ថកិច្ចត្រួតពិនិត្យត្រង់ស្ពានត្រពាំងរពៅ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពស្រុកព្រៃនប់ឃាត់ នាំមកអធិការដ្ឋាននគរបាលស្រុក និងកសាងសំណុំរឿងចាត់ការតាមវិធានការច្បាប់។
យោងតាមរបាយការណ៍សមត្ថកិច្ចស្រុកព្រៃនប់ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ បញ្ជាក់ថា៖ អ្នកបើករថយន្ត ឈ្មោះ ទៀង ផាន់នី ភេទប្រុស អាយុ ៣៩ឆ្នាំ បើកបររថយន្តក្រឡុកស៊ីម៉ងត៌របស់ក្រុមហ៊ុនល្បឿនលឿន ពាក់ស្លាកលេខ ភ្នំពេញ 3A-9421 ដឹកស៊ីម៉ង់ត៌របស់ ក្រុមហ៊ុនខេស៊ីមែនគោលដៅពីខេត្តព្រះសីហនុឆ្ពោះទៅខេត្តកំពត ដោយបានបន្លំដឹកអ្នកដំណើរម្នាក់(ខ្មែរ) ជាបុគ្គលិកបំរើការនៅកាស៊ីណូមួយកន្លែងនៅក្នុងក្រុងព្រះសីហនុ មកដល់គោលដៅត្រួតពិនិត្យក៏ត្រូវបានសមត្ថកិច្ចក៏ឃាត់។
មន្ត្រីរដ្ឋបាលខេត្តបញ្ជាក់ថា ចំពោះជនដែលប៉ុនប៉ង និងបំផ្លាញសុខភាពសាធារណៈរបស់ជាតិយើង ត្រូវចាត់វិធានការតាមផ្លូវច្បាប់ម៉ឺងម៉ាត់បំផុត និងគ្មានការលើកលែងឡើយ៕