ខេត្តពោធិ៍សាត់៖ បុរជាកសិករ២នាក់ ត្រូវបានជនមិនស្គាល់អត្តសញ្ញាណ ចូលទៅលបកាប់ បណ្តាលអោយរងរបួសធ្ងន់ ខណៈកំពុងដេកចាំស្រែ នៅចំណុចខ្ទមចាំស្រែ ក្នុងភូមិផ្ទះកោះ ឃុំស្រែស្តុក ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ កាលពីម៉ោង០២:១៥នាទីរំលងអធ្រាត្រ ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២០។
លោកវរសេនីយ៍ឯក អ៊ុន ស៊ី អធិការ នៃអធិការដ្ឋាននគរបាលស្រុកកណ្តៀង បានឲ្យដឹងថា ជនរងគ្រោះត្រូវបានសមត្ថកិច្ចស្គាល់អត្តសញ្ញាណ ទី១-ឈ្មោះ ម៉ី កុសល ភេទប្រុស អាយុ ២១ឆ្នាំ ជាកសិករ និងទី២-ឈ្មោះ ត្រាន់ ចាន់នី ជាកសិករ អ្នកទាំងពីររស់នៅភូមិកំពង់រកា ឃុំកណ្តៀង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។ អ្នកទាំងពីរ បាននាំគ្នាទៅដេកចាំស្រែ នៅក្នុងខ្ទមចំណុចកើតហេតុខាងលើ ពេលដល់ម៉ោង០២:១៥នាទីយប់ ស្រាប់តែមានជនមិនស្គាល់អត្តសញ្ញាណ ធ្វើសកម្មភាពកាប់មកលើពួកគេទាំងពីរនាក់ បណ្តាលឲ្យរងរបួស។
លោកអធិការ បន្តថា ជនរងគ្រោះទាំងពីរនាក់ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យខេត្តពោធិ៍សាត់។
បច្ចុប្បន្នក្រុមគ្រួសារជនរងគ្រោះ បានពាក្យបណ្តឹងនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ដើម្បីជួយអន្តរាគមន៍ ស្វែងរកជនបង្ក យកមក ផ្តន្ទា ទោសតាមផ្លូវច្បាប់ ដើម្បីរកយុត្តិធម៌ជូនរងគ្រោះ៕