ព្រះវិហារ៖ ក្មេងប្រុស៣នាក់បានស្លាប់ ក្នងចំណោម៤នាក់ ដោយសារនាំគ្នាចុះ លេងទឹកខណៈដែលខ្លួនឃ្វាលគោ នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១នេះ ស្ថិតនៅភូមិស្រយ៉ង់ជើង ឃុំស្រយ៉ង ស្រុកគូលែន ខេត្តព្រះវិហារ ។
បើតាមមន្ត្រីនគរបាលបានជម្រាបឲ្យដឹងថា កាលពីវេលាម៉ោង១២ ប៉ុស្ដិ៍នគរបាលរដ្ឋបាលស្រយ៉ង់ បានទទួលព័ត៌មានពីឈ្មោះ ម៉ាម វណ្ណៈ ភេទប្រុស រស់នៅភូមិស្រយង់ជើង ឃុំស្រយង់ ថាមានក្មេងលង់ទឹកនៅចំណុចស្រះទឹកមួយកន្លែង ខាងត្បូងសាលាអនុវិទ្យាល័យស្រយង់ ចម្ងាយ ១០០ម៉ែត ។
ផាត សុផានិត ដែលជាអ្នកនៅរស់ក្នុងចំណោម៤នាក់នោះ ឲ្យដឹងថា ពួកគេទាំង៤នាក់ បាននាំគ្នាទៅមើលគោ បន្ទាប់មកក៏បាននាំគ្នាទៅលេងទឹកស្រះ។ ពេលដែលចុះលេងបានមួយភ្លែត ប្អូនរបស់គេបានលិចទៅក្នុងទឹក បន្ទាប់មកគេក៏បានយកឈើឲ្យតោងតែពួកគេបានលិចទៅក្នុងទឹកបាត់ទាំង ៣នាក់តែម្តង ឃើញដូច្នោះឈ្មោះ ផាត សុផានិត ក៏បានរត់មកហៅឲ្យគេទៅជួយ ។
ជនរងគ្រោះដែលស្លាប់ទី១ ឈ្មោះជេត ផល់ ភេទ ប្រុស អាយុ ១០ឆ្នាំ មុខរបរសិស្ស រស់នៅភូមិស្រយង់ជើង ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ ។ ទី២ ឈ្មោះ សុខ ចិត្រា អាយុ៩ឆ្នាំ មុខរបរសិស្ស រស់នៅភូមិស្រយង់ជើង ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ ។ ទី៣ ឈ្មោះ ផាត ចាន់បុត្រ ភេទប្រុស អាយុ ៦ឆ្នាំ មុខរបរសិស្ស រស់នៅភូមិស្រយង់ជើង ឃុំស្រយ៉ង់ ស្រុកគូលេន ខេត្តព្រះវិហារ ។
ក្រោយពីបានពិនិត្យរួច សមត្ថកិច្ចបានប្រគល់សាកសពក្មេងប្រុសទាំង ៣នាក់ ទៅក្រុមគ្រួសារដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕