វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិកបានបញ្ចេញចំណាត់ការថ្មី ប្រឆាំងនឹងយោធាមីយ៉ាន់ម៉ា សម្រាប់ការធ្វើរដ្ឋប្រហារយោធា ដោយហាមឃាត់ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ និងក្រុមហ៊ុនធំៗដែលគ្រប់គ្រងដោយយោធាមីយ៉ាន់ម៉ា ពីការធ្វើពាណិកម្មក្នុងទម្រង់មួយចំនួន ។ នេះបើយោងតាមព័ត៌មាន CNA ដែលបានចេញផ្សាយនៅព្រឹកថ្ងៃសុក្រ ទី០៥ ខែមីនា ឆ្នាំ២០២១ ។
អាមេរិកបានបញ្ចេញនូវវិធានការថ្មីនេះ ធ្វើឡើងបន្ទាប់ពីអំពើហិង្សាយ៉ាង កំរោល មួយបានកើតឡើងរវាងក្រុមបាតុករ និងក្រុមយោធាមីយ៉ាន់ម៉ា ដែលបាន បណ្តាលឲ្យមានអ្នកស្លាប់រាប់សិបនាក់ ។ មនុស្សយ៉ាងហោច ៥៤នាក់ បានបាត់បង់ជីវិត ១,៧០០នាក់ត្រូវបានចាប់ខ្លួន ក្នុងនោះរួមមានអ្នកកាសែត ២៩នាក់ ចាប់តាំងពីរដ្ឋប្រហារកាលពីថ្ងៃទី០១ កុម្ភៈមក ។
សូមជម្រាបថា ក្នុងខែកុម្ភៈកន្លងទៅអាមេរិកបានប្រកាសដាក់ទណ្ឌកម្មលើមីយ៉ាន់ម៉ា គឺទៅលើក្រុមដែលពាក់ព័ន្ធ នឹងការទម្លាក់រដ្ឋាភិបាលស៉ីវិលរបស់មីយ៉ាន់ម៉ា រួមមានទាំងរដ្ឋមន្រ្តីការពារជាតិ និងក្រុមហ៊ុនចំនួន ០៣ ដែលរកស៊ីក្នុងវិស័យត្បូង និងថ្មមានតម្លៃ។ យ៉ាងណាមិញមកទល់ពេលនេះ រដ្ឋាភិបាលអាមេរិកមិនទាន់បញ្ចេញ ទណ្ឌកម្មកម្រិតធ្ងន់បំផុតរបស់ខ្លួននៅឡើយទេ ប្រឆាំងនឹងយោធាមីយ៉ាន់ម៉ា នោះគឺចំណាត់ការដែលនឹងរាំងខ្ទប់ រាល់ការធ្វើប្រតិបត្តិការផ្នែកហិរញ្ញវត្ថុទាំងអស់ ជាមួយពលរដ្ឋ ឬក្រុមហ៊ុនអាមេរិក ហើយបណ្តេញក្រុមហ៊ុនទាំងឡាយដែលជាប់ឈ្មោះ ចេញពីប្រព័ន្ធធនាគាររបស់សហរដ្ឋអាមេរិកតែម្តង៕