ប្រទេសថៃ : ពេលថ្មីៗកន្លងទៅនេះ មានហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយនៅស្រុកប្រាសាទ ខេត្តសុរិន្ទ ប្រទេសថៃ បន្ទាប់ពីអ្នកស្រុកបានឃើញដំបូកមួយដ៏ចម្លែកដុះមកដោយមានរូបរាង និង មុខមាត់ដូចជាកូនក្មេងប្រុសម្នាក់ដែលអ្នកស្រុកហៅថា អាខៃ ជាព្រលឹងកុមារដែលជនជាតិថៃមានជំនឿថាស័ក្ដិសិទ្ធិ អាចសុំលាភសុំជ័យបានតាមបំណងប្រាថ្នា។
យ៉ាងណាមិញ បន្ទាប់ពីរូបដំបូកនោះបានសុះសាយក្នុងបណ្ដាញសង្គមមក គេកត់សម្គាល់មានប្រជាជនជាច្រើនបាននាំគា្នទៅសុំលាភ សុំជ័យ មានទាំងគ្រឿងដង្វាយ ផ្កាភ្ញី ផ្លែឈើ ព្រមទាំងគ្រឿងសក្ការជាច្រើន ដើម្បីសុំសេចក្ដីសុខសប្បាយ។ ជាពិសេសអ្នកស្រុកជាច្រើន បាននាំគ្នាសុំលេខឆ្នោតភ្លូកទឹកភ្លូកដី ព្រោះជឿថាដំបូកនោះជា អាខៃដែលតែងឱ្យលេខឆ្នោតឆុត។
ទន្ទឹមនឹងនេះដែរ តាមការឱ្យដឹងពីអាជ្ញាធរស្រុកប្រាសាទ ខេត្តសុរិន្ទក៏កំពុងតែស៊ើបអង្កេតដើម្បីឱ្យដឹងជាក់ច្បាស់ថា ដំបូកនេះដុះដោយធម្មជាតិដោយខ្លួនឯង ឬ ក៏ជាការបង្កើតឡើងរបស់ជនណាម្នាក់ ព្រោះដោយហេតុថា ដំបូកនេះវាដុះមកចម្លែកដែលមានរូបរាងដូចមនុស្សច្បាស់ៗតែម្ដង៕