ខេត្តបាត់ដំបង ៖ ទំនប់ស្ទាក់ទឹកមួយកន្លែងស្ថិតនៅតំបន់ជាយដែន ខេត្តបាត់ដំបង នឹងលេចរូបរាងឡើងនាខែវិច្ចិកា ឆ្នាំ២០២១ ខាងមុខឆាប់ៗនេះ ដែលមានលទ្ធភាពស្រោចស្រពផលដំណាំ ប្រមាណ ២០០០ហិកតា ។
ទំនប់ស្ទាក់ទឹកថ្មីនេះ ត្រូវបាន ក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយអាជ្ញាធរខេត្តបាត់ដំបង បានធ្វើ ពិធីសែនព្រេន មុននឹងធ្វើការសាងសង់ នាថ្ងៃទី ០៤ខែមីនាឆ្នាំ២០២១ ដែលទំនប់នេះហៅឈ្មោះថា ទំនប់ស្ទាក់ទឹកតាក្រី ស្ថិតតាមដងស្ទឹងមង្គលបុរី ក្នុងភូមិសាស្ត្រឃុំតាក្រី ស្រុក កំរៀង ខេត្តបាត់ដំបង។
លោក សុខ ដារ៉ា អនុប្រធាននាយកដ្ឋានវិស្វកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម លើកឡើងថា ការសាងសង់ប្រព័ន្ធធារាសាស្ត្រនេះ ដើម្បីឆ្លើយតបនឹងសំណូមពររបស់ពលរដ្ឋនៅក្នុងតំបន់នោះ ក្នុងការនាំទឹកពីទំនប់នេះទៅប្រើតាមតម្រូវការ ពិសេសនៅអំឡុងរដូវខ្វះខាតទឹក ព្រោះជារៀងរាល់ឆ្នាំ ដោយសារមិនទាន់មានទំនប់ស្ទាក់ទឹក ធ្វើឲ្យទឹកហូរទៅក្រោមអស់ ហើយពលរដ្ឋតែងខ្វះទឹកប្រើប្រាស់ ។
លោកបានបន្តថា ចំពោះការអភិវឌ្ឍគម្រោងនេះ ពេលធ្វើរួចនឹងជួយស្រោចស្រពដំណាំកសិកម្មរបស់ពលរដ្ឋ និងបានជាស្ពានសម្រាប់ពលរដ្ឋឆ្លងកាត់ ខណៈទំនប់នេះ គ្រោងនឹងបញ្ចប់ការសាងសង់នៅខែកញ្ញា ឆ្នាំ២០២១ខាងមុខ។
ក្នុងឱកាសនោះ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង មានប្រសាសន៍ថា គម្រោងទំនប់ស្ទាក់ទឹកតាក្រីនេះ នឹងក្លាយជាសមិទ្ធផលប្រព័ន្ធធារាសាស្ត្រថ្មីបន្ថែមមួយទៀតនៅក្នុងខេត្តបាត់ដំបង ខណៈការអភិវឌ្ឍប្រព័ន្ធស្រោចស្រពបែបនេះ កំពុងសាងសង់នៅក្នុងស្រុកមួយចំនួន។
សូមជម្រាបជូនផងដែរថា គម្រោងសាងសង់ទំនប់សណ្តរ និងសំណង់ស្ទាក់ទឹកលើស្ទឹងមង្គលបុរី ជាគម្រោងមួយដែលស្ថិតនៅស្រុកកំរៀង ខេត្តបាត់ដំបង ជាប់នឹងព្រំដែនប្រទេសថៃមុនគេបង្អស់ ដែលគ្រោងនឹងសាងសាង់បញ្ចប់នាខែកញ្ញា ឆ្នាំ២០២១ ដែលអាចស្រោចស្រពលើផ្ទៃដីប្រមាណ ២០០០ ហិកតា៕