កូរ៉េ៖ ក្រុមហ៊ុន Google បានជម្រើសយកវីដេអូពិសេសមួយ របស់តារាចម្រៀងស្រីCL ម្នាក់របស់កូរ៉េខាតត្បូង ក្នុងចំណោមនារីល្បីៗដទៃទៀត ដើម្បីបញ្ចេញក្នុង Channel យូធូបផ្លូវការរបស់ខ្លួន ក្រោមចំណងជើងថា «Women’s History Month 2021» ។ នេះបើតាមសារព័ត៌មាន Kpop Hit ដែលបានចុះផ្សាយនៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ ។
ក្រុមហ៊ុនយក្សរបស់អាមេរិកមួយនេះតែងជម្រើសយកវីដេអូពិសេសៗ ដើម្បីអបអរសាទរ ដល់ស្ត្រីដែលទទួលបានសមិទ្ធផលគួរឱ្យកត់សម្គាល់ និង មានផលប៉ះពាល់ (Impact) ដល់មុខជំនាញផ្សេងៗរបស់ពួកគេម្នាក់ ពិសេសអ្នកដែលមាន សមត្ថ ភាពអាចបំបែកកំណត់ត្រាក្នុងអាជីព ដូចជាលោកស្រី Sally Ride ស្ត្រីអាមេរិកដំបូងបង្អស់ទៅលើទីអាវកាស, លោកស្រី Marie Curie ស្ត្រីដំបូងដែលឈ្នះពានរង្វាន់ Nobel, ស្រីដែលជោគជ័យលើផ្នែកវិទ្យាសាស្រ្ត, ផ្នែកចម្រៀងរ៉េប, ផ្នែកជំនួញ និងស្ត្រីដំបូងដែលបានឡើងដល់កំពូលភ្នំ Everest ជាដើម ។
សូមជម្រាបថា តារាចម្រៀងស្រីរូបនេះ ចាប់ផ្តើមបញ្ចេញមុខតាំងពីឆ្នាំ២០០៨ តាមរយៈបទចម្រៀងរ៉េបរបស់ Uhm Jung Hwa ក្រោមចំណងជើងថា «DJ»។ ចាប់តាំងពីពេលនោះមក នាងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចាប់ផ្តើមនៃយុគសម័យ K-pop ក្នុងនាមជាមេដឹកនាំក្រុមចម្រៀងនារី 2NE1 និងមានមហាជនទូទាំងពិភពលោកស្គាល់នាងរហូតដល់ពេលបច្ចុប្បន្ននេះ ៕