ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន YCH និងក្រុមហ៊ុន Infratructure Asia (IA)របស់ប្រទេសសិង្ហបុរី បានចុះហត្ថលេខា លើគម្រោង អភិវឌ្ឍន៍ មជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ កាលពីព្រឹក ថ្ងៃទី៤ ខែមីនា តាមរយៈវីដេអូ ខន់ហ្វ្រិន (Video Conference) ។
លោក ស៊ុន ចាន់ថុល បានថ្លែងថាៈ ភ័ស្តុភារកម្ម ភ្នំពេញ គឺជាមជ្ឈមណ្ឌល ដ៏មានសក្ដានុពល ក្នុងការលើកស្ទួយ វិស័យ ដឹកជញ្ជូន ឱ្យកាន់តែមានប្រសិទ្ធភាព និងមានលក្ខណៈប្រកួត ប្រជែង ជាមួយនឹងប្រទេសក្នុងតំបន់ និងសកលលោក ទាំងតម្លៃ និងសេវាកម្ម ។ មជ្ឈមណ្ឌល ភ័ស្តុភារកម្ម ភ្នំពេញ ក៏ជាកម្លាំងចលករ ជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ឱ្យ កាន់តែរីក ចម្រើន និងសម្រេចបាន នូវចក្ខុវិស័យ របស់រដ្ឋាភិបាល ក្នុងការអភិវឌ្ឍកម្ពុជាទៅជាប្រទេស ចំណូលមធ្យម កម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងប្រទេសចំណូលខ្ពស់ នៅឆ្នាំ២០៥០។
សូមជម្រាបថា ក្នុងការអភិវឌ្ឍ មជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ, រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចជ្រើសរើស ក្រុមហ៊ុន YCH និង Infrastructure Asia (IA) របស់ប្រទេសសឹង្ហបុរី ជាដៃគូឯកជន ដើម្បីសិក្សា និងអភិវឌ្ឍន៍ សំណើគម្រោង មជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ (Phnom Penh Logistics Complex – PP-LC) និងបានផ្តល់ភារកិច្ច ជូនក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងឋានៈជា ប្រធានគណៈកម្មាធិការជាតិ ភ័ស្តុភារកម្ម ដឹកនាំរៀបចំកិច្ចព្រម ព្រៀងក្របខណ្ឌ (Framework Agreement – FA) ជាមួយក្រុមហ៊ុន YCH និងក្រុមហ៊ុន IA ដូចដែលធ្លាប់បានអនុវត្ត កន្លងមក សម្រាប់គម្រោង ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ និងគម្រោងផ្លូវល្បឿនលឿន ភ្នំពេញ- បាវិត៕