ខេត្តកំពង់ឆ្នាំង ៖ ក្មេងទាំង៦នាក់ បាននាំគ្នា ទៅចាប់សត្វគីង្គក់ ហើយយកទៅដុត បរិភោគ បណ្តាលអោយ ពុល ធ្វើអោយកុមារាម្នាក់បានស្លាប់ ពេលបញ្ជូនដល់មន្ទីរពេទ្យ និង ក្មេង៥នាក់ផ្សេងទៀតបាន ត្រូវបានសង្រ្គោះបន្ទាន់។ ហេតុការណ៍ពុលសត្វគីង្គក់នេះ កើតឡើងកាលពីម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ នៅភូមិរពាំងភ្នៅ ឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
លោក រ៉ន សុភ័ណ្ឌ អភិបាលរងស្រុកកំពង់ត្រឡាចបានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី៤ ខែមីនា នេះថា ក្មេងដែលស្លាប់ក្នុងករណីនេះឈ្មោះ ត្រុង វាសនា ភេទប្រុស អាយុ១ឆ្នាំ៨ខែ រស់នៅភូមិឃុំខាងលើ។
លោកបានបញ្ជាក់ទៀតថា នៅមុនពេលកើតហេតុ មានក្មេងតូចធំចំនួន៦នាក់ យកសត្វគីង្គក់ មកដុតចែកគ្នាហូប។ ក្រោយពីបរិភោគសត្វគីង្គក់ដែលដុតនេះរួចមក នៅវេលាម៉ោងជាង១២ថ្ងៃត្រង់ ស្រាប់តែមានអាការៈ ពុល ក្អួតចង្អោរ ពេលឪពុកម្តាយសួរនាំទើបបានដឹង ថា ក្មេងទាំង៦នាក់នេះពុលដោយសារបានហូបសត្វគីង្គក់។
ក្រោយពីដឹងភ្លាម ក៏បានដឹកក្មេងរងគ្រោះទាំង៦នាក់នេះមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាច ដើម្បីជួយសង្រ្គោះ។ ប៉ុន្តែក្មេងប្រុស ឈ្មោះត្រុង វាសនា ដោយសារមានអាការៈធ្ងន់ធ្ងរពេក ក៏បណ្តាលឲ្យស្លាប់នៅមន្ទីរពេទ្យតែម្តង។ ចំណែកក្មេង៥នាក់ទៀតត្រូវបានក្រុមគ្រូពេទ្យជួយសង្រ្គោះ និង កំពុងសម្រាកព្យាលបាលនៅមន្ទីរពេទ្យបង្អែកស្រុក៕