ភ្នំពេញ : ទោះបីសព អ៊ឹម សុវណ្ណារិទ្ធ មេខ្លោងចាប់ជំរិត ល្បីកក្រើកភ្នំពេញ បានបូជា និង រលាយក្លាយជាធាតុទៅហើយក្តី ប៉ុន្តមកដល់ថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០២១ នេះ នៅតែមិនមានក្រុមគ្រួសារមកទទួលស្គាល់ និង ធ្វើបុណ្យឱ្យទៀត ។ឃើញភាពអាណោចអាធ័មពេក ចំប៉ីខ្មៅ បានប្រកាសចេញមុខមកធ្វើបុណ្យ ៧ ថ្ងៃ និង ទិញកោដ្ឋដាក់ធាតុឱ្យសព អ៊ឹម សុវណ្ណារិទ្ធ ជាមេខ្លោងជនល្មើសជំរិតទារលុយ ១ លានដុល្លារ ដែលគ្មានសាច់ញាតិមកទទួលស្គាល់នេះ ។
ចំប៉ីខ្មៅ បានប្រកាសលើហ្វេសប៊ុកដូច្នេះថា «ប្រពៃណីទំនៀមទំលាប់ខ្មោចស្លាប់ទៅហើយ នៅឡើយឈ្មោះស្អុយ គ្មានអ្នកណាម្នាក់ដឹងថាខ្លួននឹងស្លាប់ទៅព្រោះអ្វី នៅកន្លែងណា នៅទីណា នោះទេ មិនដឹងសូម្បីតែពេលវេលាថ្ងៃនេះឬថ្ងៃស្អែក ថ្ងៃណាមួយ តែ រិទ្ធ ស្លាប់ហើយ ខ្ញុំមិនមែនជាញាតិ មិនដែលស្គាល់ មិនដែលជួប បានត្រឹមតែទិញកោដ្ឋដាក់ឆ្អឹងឱ្យ និមន្តព្រះសង្ឃសូត្រមន្តឱ្យតែប៉ុណ្ណឹង ខ្ញុំសង្ឃឹមថា មិត្តដែលធ្លាប់ជល់កែវជាមួយគាត់ នឹងមកជូនដំណើរគាត់ចុងក្រោយ ។ មនុស្សណាមិនធ្លាប់ខុស តែគ្នាស្លាប់ទៅហើយ ឆ្អឹង ធាតុគ្នា គួរតែដាក់ឱ្យបានសមរម្យ ជាមនុស្ស ខ្ញុំសង្ឃឹមថា ពុកម៉ែបងប្អូននឹងអហោសិកម្មឱ្យចោរដែលស្លាប់ទៅហើយ នេះសូម្បីតែបងប្អូនគេក៏មិនអើពើ តែខ្ញុំមានតែជួយរក្សាបានប៉ុណ្ណឹង ។ គំរបបុណ្យ ៧ ថ្ងៃ ខ្ញុំនឹងនិមន្តព្រះសង្ឃសូត្រមន្តតាមប្រពៃណីនៃពិធីបុណ្យសព បើពុកម៉ែបងប្អូន យល់ថាការធ្វើបុណ្យ ត្រូវរើសថាជាមនុស្សល្អ ឬ អាក្រក់ ជាសិទ្ធិក្នុងការសម្រេចចិត្តរបស់អ្នកទាំងអស់គ្នា តែសូមធ្វើបុណ្យជាមួយចោរមួយក្បាលដែលគ្នាងាប់ទៅគ្មានញាតិផង»