បច្ចេកវិទ្យា : កាលពីពេលថ្មីៗនេះ យើងបានដឹងហើយថា NASA ទទួលបានជោគជ័យលើបេសកម្មមួយរបស់ខ្លួន នោះគឺជាបេសកម្មក្នុងការនាំយកយាន Perseverance របស់គេ ទៅកាន់ភពអង្គារ ហើយយាននោះ ក៏បានថតរូបភាព ព្រមទាំងវីដេអូនៅលើភពនោះ បញ្ជូនមកផែនដីឲ្យយើងទាំងអស់បានឃើញរួចរាល់ហើយដែរ។ ដោយឡែក នៅក្នុងពេលនេះ យើងបានដឹងពីចំណុចសំខាន់មួយទាក់ទងនឹងយានខាងលើ និយាយឲ្យចំទៅ យាន Perseverance នោះ គឺបានប្រើប្រាស់ Processer ប្រភេទ PowerPC 750 របស់ Apple ដែលជាឈីបមួយត្រូវបានក្រុមហ៊ុននេះប្រើតាំងពីឆ្នាំ 1998 មកម្លេះ។
មិនខុសទេ បើយោងតាមរបាយការណ៍ថ្មី ត្រូវបានបង្ហាញដោយប្រភព Gizmodo កាលពីពេលថ្មីៗនេះ បានបញ្ជាក់ឲ្យដឹងថា យាន Perseverance របស់ NASA ដែលបញ្ជូនទៅភពអង្គារបានសម្រេច កាលពីពេលកន្លងទៅនេះ គឺបានដំណើរការដោយឈីប PowerPC 750 របស់ Apple នេះឯង ហើយឈីបនោះ គឺមានប្រើប្រាស់នៅលើ iMac G3 តាំងពីឆ្នាំ 1998 ម្លេះ។ យ៉ាងណា បើទោះជាវាជាឈីបចាស់ក៏ដោយ ប៉ុន្តែគេពន្យល់ថា ឈីបដែលប្រើលើយាន Perseverance នោះ គឺត្រូវបានធ្វើឡើង ដោយយកចិត្តទុកដាក់បំផុតទៅលើភាពធន់របស់វា ខុសពីឈីបដែលគេប្រើលើ iMac G3 កន្លងទៅ និយាយឲ្យចំទៅ ឈីបដែលប្រើលើយាននោះ គឺគេធ្វើយ៉ាងណា ឲ្យវាអាចដំណើរការបានសមស្របជាមួយបរិយាកាស ក៏ដូចជាលក្ខខណ្ឌផ្សេងៗ លើភពអង្គារតែម្ដង។ គួរឲ្យចាប់អារម្មណ៍ជាងនេះ គឺថាឈីប PowerPC 750 ប្រើជាមួយយានខាងលើ មានតម្លៃសរុបទៅដល់ទៅខ្ទង់ 20 ម៉ឺនដុល្លារឯណោះ។
គួរបញ្ជាក់ដែរថា ឈីបខាងលើនេះ គឺមាន Core មួយគ្រាប់ប៉ុណ្ណោះ និងអាចរត់បានក្នុងល្បឿនខ្ពស់បំផុត 233MHz ជាមួយ Transistors ចំនួន 6 ពាន់លាន ហើយត្រូវបានធ្វើឡើងដោយផ្នែកលើស្ថាបត្យកម្ម 32-bit ហ្នឹងឯង (បើធៀបនឹងឈីប 10 Cores បច្ចុប្បន្នអាចរត់បានដល់ល្បឿន 5.3GHz និងមានដល់ទៅ 16 ពាន់លាន Transistors)។ ក្រៅពីនោះ NASA ក៏បានបញ្ជាក់ដែរថា នៅលើយានរបស់គេ គឺបានប្រើប្រាស់រ៉េមទំហំ 256MB និងមានអង្គផ្ទុកល្បឿនលឿនទំហំ 2GB ផងដែរ។ យាន Perseverance របស់ NASA នោះ គឺត្រូវបានគេអភិវឌ្ឍន៍ឡើង ដោយចំណាយទឹកប្រាក់សរុបប្រមាណជាខ្ទង់ 2.7 ពាន់លានដុល្លារឯណោះ។ ប្រភព The Verge