ខេត្តរតនគិរី ៖ ឆេះព្រៃក្បែរផ្ទះ មិនមានអ្នកពន្លត់ បណ្តាលអោយរាលឆេះ បំផ្លាញផ្ទះ ប្រជាពលរដ្ឋមួយខ្នង រួមទាំងទ្រព្យសម្បត្តិ មួយចំនួន អស់ទាំងស្រុង កាលពីរសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១វេលាម៉ោង១៧និង១០នាទី នៅភូមិសាយ៉ស់ ឃុំកាឡែង ស្រុកលំផាត់ ខេត្តរតនគិរី។
បើយោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកបានឲ្យដឹងថា ករណីភ្លើងឆេះនេះកើតឡើងដោយសារភ្លើងឆេះព្រៃក្បែរផ្ទះ ក្រោយមកមានផ្សែង អណ្ដាតភ្លើងចេញពីក្នុងផ្ទះតែម្ដង។
ជនរងគ្រោះឈ្មោះ មី គ្លូក ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិទំពួន មុខរបរកសិករ និងមានសមាជិក (ប្រពន្ធកូនចំនួន៥នាក់ ស្រី២នាក់) មានទីលំនៅភូមិឃុំកើតហេតុខាងលើ ខូចខាតសម្ភារៈក្នុងផ្ទះទាំងស្រុង។ ក្នុងពេលឆេះនេះ គឺម្ចាស់ផ្ទះមិននៅទេ គឺពួកគាត់បានទៅចម្ការអស់ហើយ។
ក្រោយពីទទួលបានដំណឹងពីភ្លើងឆេះនេះភ្លាមរថយន្ដពន្លត់អគ្គីភ័យ ស្រុកលំផាត់បានចុះជួយអន្ដរាគមន៍ភ្លាមៗ ប៉ុន្ដែដោយសារតែភ្លើងភ្លើងឆេះខ្លាំង(ភ្លើងឆេះពេញក្រមុំ) និងផ្លូវពីអធិការដ្ឋានទៅកន្លែងឆាបឆេះមានចម្ងាយឆ្ងាយ ទើបគ្រប់គ្រងស្ថានការមិនបាន ។ ប៉ុន្ដែកម្លាំងពន្លត់អគ្គីភ័យក៏បានបាញ់បង្ការការពារមិនឲ្យរាលដាលដល់ផ្ទះដទៃជិតនោះផងដែរ ដោយប្រើប្រាស់ទឹកអស់ចំនួនពីរឡាន៕