អង់គ្លេស ៖ យោងតាមការចេញផ្សាយដោយ BBC នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ បានអោយដឹងថា លោក Ian St John ជាអតីតខ្សែប្រយុទ្ធជម្រើសជាតិស្កុតឡេន និងក្រុមហង្សក្រហម Liverpool របស់អង់គ្លេស បានទទួលមរណភាពហើយក្នុងវ័យ ៨២ឆ្នាំ បន្ទាប់ពីមានជំងឺប្រចាំកាយជាយូរឆ្នាំមកហើយ។
លោក John ជាអតីតកីឡាករខ្សែប្រយុទ្ធរបស់ក្លិប Motherwell នៃប្រទេសស្កុតឡេន មានសញ្ជាតិស្កុតឡេន បានកើតនៅឆ្នាំ១៨៣៨ នៅទីក្រុង Motherwell ហើយបានទៅចូលរួមជាមួយក្លិប Liverpool របស់លីគកំពូលអង់គ្លេស Premier League នៅទសវត្សឆ្នាំ១៩៦១ ដោយបង្ហាញខ្លួនបាន ៤២៥ប្រកួត និងរកបាន ១១៨គ្រាប់នៅកីឡដ្ឋាន Anfield និងបានឈ្នះពាន FA Cup ក្នុងឆ្នាំ១៩៦៥ ដោយបានបង្ហាញខ្លួនក្នុងក្រុមជម្រើសជាតិស្កុតឡេនបានចំនួន ២១ប្រកួត និងរកបាន ៩គ្រាប់ផងដែរ។
លើសពីនេះ ក៏បានឈ្នះពានលីគអង់គ្លេស Football League first Division ចំនួន ២សម័យកាល រួមជាមួយពាន Football League Second Division, FA Charity Shield និងបន្តទៅធ្វើជាគ្រូបង្វឹកនៃក្លិប Motherwell និង Portsmouth ក្រោយលោកបានបញ្ចប់អាជីពបាល់ទាត់នៅឆ្នាំ១៩៧៣៕