ភ្នំពេញ ៖ ដំណាំប្រភេទថ្មី “វ៉ាន់នីឡា” មនុស្សមួយចំនួន ហាក់មិនដែលស្គាល់ ហើយមួយចំនួនទៀត ធ្លាប់តែភ្លក់រស់ជាតិ នៅក្នុងសារធាតុ ជាមួយភេសជ្ជៈ និងបង្អែមផ្សេងៗ កំពុងត្រូវបានធ្វើការសាកល្បងដាំនៅខេត្តកំពង់ឆ្នាំង ដែលនាំចូលពូជពីបរទេស ខណៈដំណាំ ប្រភេទនេះមានតម្រូវការទីផ្សារហើយលក់បានថ្លៃ។
លោក រស់ សុវណ្ណវាសនា នាយកក្រុមហ៊ុនRICE Natural Development.Co.Ltd ស្ថិតនៅក្នុងសង្កាត់បឹងទំពុន ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ បានមានប្រសាសន៍ថា ដំណាំវ៉ាន់នីឡាគឺជាប្រភេទដំណាំកសិ-ឧស្សាហកម្មបែបទំនើបដែលកំពុងមានតម្រូវការ ខ្ពស់នៅក្នុងទីផ្សារ ហើយត្រូវបាននាំយកពូជមកពីប្រទេសបារាំង ដោយសហការជាមួយដៃគូវិនិយោគ យកមកបណ្តុះផ្សាំ ជាពូជ សម្រាប់បង្កាត់ពូជដាំនៅក្នុងស្រុកខ្មែរ។ លោកបន្តថា ដំណាំវ៉ាន់នីឡា ជាដំណាំដែលមានអត្ថប្រយោជន៍ច្រើន អាចផលិតចេញបានច្រើនមុខ ដូចជា គ្រឿងឧបភោគ បរិភាគ អាចចម្រាញ់ធ្វើជាម្សៅសម្រាប់ធ្វើនំ និងសម្រាប់លាយជាមួយ កាហ្វេ ជាពិសេសក្រុមហ៊ុនកំពុងធ្វើការសាកល្បងដាំយ៉ាងយកចិត្តទុកដាក់ជាមុនសិន មុននឹងឱ្យប្រជាកសិករធ្វើការដាំដុះ ។ លោកបានបន្តថា បើទទួលបានជោគជ័យ ក្រុមហ៊ុននឹងបន្តចែកពូជ និងប្រាប់ពីវិធីថែទាំនៃការដាំដុះដល់ប្រជាកសិករ ដែលចង់ដាំ ដែលធ្វើឱ្យទទួលបានទិន្ធផលនិងតម្លៃខ្ពស់ ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការរកទីផ្សារ។
លោក រស់ សុវណ្ណវាសនា បន្ថែមថា ៖ ឥឡូវនេះគឺយើងបានដាំនៅខេត្តកំពង់ឆ្នាំងដោយសារកសិផលវ៉ាន់នីឡានេះ វាបានតម្លៃថ្លៃ ក៏ប៉ុន្តែខ្ញុំមិនទាន់មានផែនការជំរុញឱ្យប្រជាកសិករដាំនោះទេពីព្រោះកាលណាដែលយើងមិនទាន់ទទួលបានជោគជ័យលើខ្លួនឯងហើយយើងជំរុញឱ្យប្រជាកសិករគាត់ដាំវាអាចនឹងប្រឈមបញ្ហាដែលជាបញ្ហាបិទដល់ប្រជាកសិករដាំហើយអត់មានទីផ្សារដូច្នេះហើយក្រុមហ៊ុនខ្ញុំមានផែនការច្បាស់លាស់ក្នុងការដាំដំណាំកសិផលនីមួយៗហ្នឹង។ល ។
នាយកក្រុមហ៊ុនរូបនេះបញ្ជាក់ទៀតថា ដំណាំវ៉ាន់នីឡានេះ បើប្រមូលផលបានមានតម្លៃពី១៨០០ដុល្លាររហូតដល់៣០០០ដុល្លារ ក្នុងមួយគីឡូក្រាម ។ លោកបានបន្ថែមថា ខាងក្រុមហ៊ុនក៏បានចុះកិច្ចសន្យាក្នុងការបញ្ជាទិញជាមួយនិងដៃគូ សហការនៅក្នុង ប្រទេសបារាំង។
សូមបញ្ជាក់ថា ក្រុមហ៊ុននេះ បានបង្កើតតាំងពីឆ្នាំ២០១០ មានសមាជិក២០នាក់ ដែលសព្វថ្ងៃកំពុងតែសាកល្បងដាំ វ៉ាន់នីឡា លើផ្ទៃដីប្រមាណជាង១ហិកតានៅខេត្តកំពង់ឆ្នាំង៕