ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១នេះ បានសម្ដែងនូវមោទនភាពសប្បាយរីករាយ និងចូលរួមអបអរសាទរជាមួយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រួមទាំងស្ថាប័នពាក់ព័ន្ធនានា ចំពោះភាពជោគជ័យនៃកិច្ចចរចាររយៈពេលជាង៣ឆ្នាំកន្លងមក ក្នុងការធ្វើមាតុភូមិនិវត្តន៍វត្ថុបុរាណខ្មែរចំនួនជាង ១០០រូប ពីបរទេសមកកាន់កម្ពុជាវិញ។
ក្នុងសារលិខិតក្នុងឱកាសអបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៣ ឆ្នាំ២០២១ សម្ដេចតេជោនាយករដ្ឋមន្ត្រីគូសបញ្ជាក់ថា នេះជាការវិលត្រឡប់នៃវត្ថុបុរាណខ្មែរដ៏ច្រើនបំផុតមិនធ្លាប់មានពីមុនមក ហើយដែលក្នុងនោះសុខសន្តិភាពនិងស្ថិរភាពនយោបាយ គឺជាបុរេលក្ខខណ្ឌដ៏សំខាន់បំផុត ចំពោះបេសកកម្មយាងនិងអញ្ជើញព្រលឹងរបស់បុព្វបុរសខ្មែរត្រឡប់មកមាតុភូមិជាមង្គលរបស់ជាតិ និងឆ្លុះបញ្ចាំងអំពីការប្ដេជ្ញាចិត្តយ៉ាងមោះមុតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងបុព្វហេតុដ៏ឧត្ដុង្គឧត្ដមដើម្បីវប្បធម៌ជាតិ។
សម្ដេចតេជោថ្លែងបន្តថា រាជរដ្ឋាភិបាលកម្ពុជាបានធ្វើការវិនិយោគរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងសោភណភាពនៃទីក្រុងសៀមរាប-អង្គរ ដែលជាដួងព្រលឹងជាតិនិងជាបេតិកភណ្ឌវប្បធម៌ពិភពលោក ដូចដែលត្រូវបានប្រកាសជា«ទីក្រុងវប្បធម៌អាស៊ាន» សម្រាប់ឆ្នាំ២០២១-២០២២ នៅក្នុងកិច្ចប្រជុំលើកទី៩ របស់រដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកវប្បធម៌និងសិល្បៈ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២០។ តាមរយៈការអភិរក្សជួសជុលសំណង់និងវត្ថុបុរាណជាច្រើន និងការកែប្រែមុខមាត់ថ្មីនៃរមណីយដ្ឋានអង្គរ គឺជាការជួយរក្សានូវតឹកតាងប្រវត្តសាស្ត្រនិងកិត្យានុភាពជាតិ ហើយការថែរក្សាការពារនេះអាចទទួលបានជោគជ័យនិងមាននិរន្តរភាពទៅបាន គឺតម្រូវឱ្យមានការចូលរួមគាំទ្រនិងជ្រោមជ្រែងពីគ្រប់មជ្ឈដ្ឋានទាំងអស់ ជាពិសេសអាជ្ញាធរដែនដីនិងប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់បេតិកភណ្ឌ។
សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាលថ្លែងសង្កត់ធ្ងន់ថា ប្រវត្តិសាស្ត្របានបញ្ជាក់យ៉ាងច្បាស់ អំពីសាវតាដ៏រុងរឿងគួរជាទីស្ញប់ស្ញែងរបស់ព្រះរាជាណាចក្រកម្ពុជា ដែលជាប្រទេសមួយមានមរតកវប្បធម៌យ៉ាងសម្បូណ៌បែប ទាំងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ក៏ដូចជានៅក្នុងពិភពលោកទាំងមូល។ វប្បធម៌ គឺមិនត្រឹមតែជាព្រលឹងនិងជាអត្តសញ្ញាណជាតិប៉ុណ្ណោះទេ តែក៏ជាវិស័យមួយដែលមានសក្ដានុពលនិងកំពុងអភិវឌ្ឍន៍ខ្លួន ទៅក្នុងដំណើរការធ្វើពិពិធកម្មសេដ្ឋកិច្ចជាតិ ក៏ដូចជាការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ននៅកម្ពុជាផងដែរ៕