កណ្តាល៖ ព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ចុះសួរសុខទុក្ខ និងសំណេះសំណាល ជាមួយ កងកម្លាំងមានសមត្ថកិច្ច ក្រុមគ្រូពេទ្យ និងអ្នកប្រចាំការ នៅមណ្ឌលចត្តាឡីស័ក ក្នុងស្រុកល្វាឯម ខេត្តកណ្ដាល។
លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានវាយតម្លៃខ្ពស់ និងកោតសរសើរ ដល់អាជ្ញាធរស្រុកល្វាឯម កងកម្លាំងមានសមត្ថកិច្ច ក្រុមគ្រូពេទ្យ និងអ្នកប្រចាំការ ដែលបានខិតខំយកចិត្តទុកដាក់ ក្នុងការស្វែងរកអ្នកដែលបានប៉ះពាល់ផ្ទាល់ និងប្រយោល ដើម្បីអញ្ជើញពួកគាត់មកធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាភិបាល ជាងនេះទៀតអាជ្ញាធរស្រុកល្វាឯម បានយកចិត្តទុកដាក់ ក្នុងការជួយឧបត្ថម្ភអាហារ ៣ ពេល និងសម្រួលដល់ការខ្វះខាតមួយចំនួន ដល់អ្នកដែលកំពុងធ្វើចត្តាឡីស័ក ក្នុងមណ្ឌល ចត្តាឡីស័កទាំងអស់ ក្នុងស្រុកល្វាឯម។
បន្ទាប់មកលោកអភិបាលខេត្ត ក៏បានអញ្ជើញទៅសួរសុខទុក្ខ និងសំណេះសំណាល ជាមួយ កងកម្លាំងមានសមត្ថកិច្ច ក្រុមគ្រូពេទ្យ និងអ្នកប្រចាំការ នៅមណ្ឌលចត្តាឡីស័ក ក្នុងស្រុកកៀនស្វាយផងដែរ៕