បរទេស៖ ក្រោយពេលបំផ្ទុះអាវុធ បាញ់គ្រាប់ពិតទៅលើហ្វូងបាតុករ នៅទីក្រុង Yangon កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ បណ្ដាលឲ្យមនុស្សជិត២០នាក់បាត់បង់ជីវិតនោះមក សកម្មភាពបង្រ្កាបបាតុកម្មប្រកបដោយអំពើហិង្សានេះរឹតតែរុញច្រានស្ថានការណ៍នេះឲ្យកាន់តែវឹកវរបន្ថែមទៀត។
អង្គការសហប្រជាជាតិ បានប្រកាសឲ្យដឹងថា ចាប់តាំងពីការធ្វើរដ្ឋប្រហារយោធា នៅក្នុងប្រទេសមីយ៉ាន់ម៉ា (ភូមា) កាលពីថ្ងៃទី១ ខែកុម្ភៈ រហូតដល់ថ្ងៃទី១ ខែមីនាឆ្នាំ២០២១ កងកម្លាំងប្រដាប់អាវុធភូមា បានបង្ក្រាបទៅលើក្រុមបាតុករ ដោយអំពើហិង្សា បានបណ្ដាលឲ្យមនុស្សយ៉ាងតិចចំនួន១៨នាក់ បានបាត់បង់ជីវិត។ ជាមួយគ្នានេះដែរ អង្គការសហប្រជាជាតិបានអំពាវនាវដល់សហគមន៍អន្តរជាតិ ត្រូវបង្កើនសកម្មភាពរបស់ខ្លួន ដើម្បីបញ្ចប់វិបត្តិនយោបាយនៅក្នុងប្រទេសនេះ។
បើតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានផ្សាយថា ប៉ូលិសមីយ៉ាន់ម៉ា បានបាញ់គ្រាប់ពិតទៅលើក្រុមបាតុករ នៅក្នុងទីក្រុងជាច្រើន ហើយក្នុងនោះមានទីក្រុងរាំងហ្គូន (Yangon) កាលពីថ្ងៃទី២៨ ខែកុម្ភៈឆ្នាំ២០២១។
ការិយាល័យរបស់អង្គការសហប្រជាជាតិ បានប្រកាងថា មានមនុស្សយ៉ាងហោចណាស់ ចំនួន១៨នាក់បានស្លាប់ និងជាង៣០នាក់រងរបួស ដោយសារការបង្ក្រាបពីកម្លាំងប៉ូលិសមីយ៉ាន់ម៉ា ។ ស្ថិតក្នុងស្ថានភាពបែបនេះ អង្គការសហប្រជាជាតិបានអំពាវនាវដល់សហគមន៍អន្តរជាតិ ត្រូវតែបង្កើនសកម្មភាពរបស់ខ្លួន ដើម្បីជួយបញ្ចប់វិបត្តិនយោបាយ នៅក្នុងប្រទេសមីយ៉ាន់ម៉ា។
បើតាមសារព័ត៌មាន VOA ជាភាសាអង់គ្លេស បានចេញផ្សាយ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ ថា លោក Kyaw Moe Tun ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ា (ភូមា) ប្រចាំនៅអង្គការសហប្រជាជាតិ បានបង្ហាញនូវភាពក្លាហានរបស់ខ្លួន ថ្លែងទៅកាន់សម័យប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ ប្រឆាំងដាច់ខាតចំពោះការធ្វើរដ្ឋប្រហារ ដោយក្រុមមេដឹកនាំយោធា នៅក្នុងប្រទេសរបស់ខ្លួន។ ការថ្លែងបែបនេះ នាំឲ្យបណ្ដាប្រទេស នៅលើសកលលោក មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាពិសេសប្រទេសមហាអំណាចកំពូលៗ នៅលើពិភពលោក។
ជាមួយគ្នានេះ ឯកអគ្គរដ្ឋទូតភូមា បានស្នើសុំដល់អង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ ត្រូវប្រើប្រាស់គ្រប់មធ្យោបាយចាំបាច់ សម្រាប់ជួយការពារដល់ពលរដ្ឋភូមា ដើម្បីបញ្ឈប់នូវការក្តោបអំណាច ពីក្រុមយោធា។ ក្រោយពេលឯកអគ្គរដ្ឋទូតភូមា បានថ្លែងប្រឆាំងនឹងមេដឹករដ្ឋប្រហារយោធា នៅក្នុងប្រទេសរបស់ខ្លួន ទៅកាន់អង្គការសហប្រជាជាតិភ្លាម សហរដ្ឋអាមរិក បានបង្ហាញនូវការគាំទ្រយ៉ាងពេញទំហឹង ហើយប្ដេជ្ញានឹងដាក់ឲ្យក្រុមមេដឹកនាំយោធា ត្រូវតែទទួលខុសត្រូវ ចំពោះការធ្វើរដ្ឋប្រហារយោធានេះ។
ដោយឡែកសារព័ត៌មាន Global New Light មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងក្រុមមេដឹកនាំរដ្ឋប្រហារយោធា បានផ្សាយថា ក្រុមបាតុករ បានពាក់មួកការពារ និងរបាំងការពារទប់ស្កាត់ការវាយប្រហារពីកម្លាំងសន្តិសុខ។ រីឯសកម្មភាពតឹងតែង នឹងត្រូវអនុវត្តទៅលើក្រុមបាតុករហិង្សា ហើយកងទ័ពរបស់ប្រទេសនេះបានរក្សាការអត់ធ្មត់ ប៉ុន្តែមិនអាចលើកលែងដល់ក្រុមជ្រុលនិយមបង្កអសន្តិសុខនោះឡើយ។
សូមជម្រាបថា ប្រទេសមីយ៉ាន់ម៉ាបានធ្លាក់ចូលក្នុងវិបត្ដិនយោបាយយ៉ាងធ្ងន់ធ្ងរ ចាប់តាំងពីការធ្វើរដ្ឋប្រហារយោធា រឹបអូសអំណាចពីរដ្ឋាភិបាលស៊ីវិល កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ហើយចាប់ខ្លួនលោកស្រី អ៊ុង សានស៊ូជី និង មន្ត្រីជាន់ខ្ពស់ នៃគណបក្សកាន់អំណាច ក្រោមការចោទប្រកាន់ថា បានលួចបន្លំការបោះឆ្នោត កាលពីខែវិច្ឆិកា ឆ្នាំ២០២០៕