ហុងកុង : មនុស្ស ចំនួន ៤៧នាក់ ត្រូវជាប់ចោទពី បទធ្វើសកម្មភាព វទ្ធង្សនា ដោយយោងលើច្បាប់ សន្តិសុខជាតិ។ នេះបើ ផ្អែក តាម ប្រកាសឲ្យ ដឹង ពីសំណាក់ នគរបាល ហុងកុង នៅថ្ងៃទី ២៨កុម្ភៈ។ នេះគឺការចោទប្រកាន់ ទៅលើមនុស្ស ច្រើននាក់បំផុត ដែលក្នុងចំណោមអ្នកដែលរងការចោទប្រកាន់ គឺសុទ្ធតែជាសកម្មជនប្រជាធិបតេយ្យ និងបញ្ញវន្តអ្នកចេះដឹង ដែលចេញមុខខ្លាំង ក្នុងការទាមទារសិទ្ធិសេរីភាពនៅហុងកុង។
នគរបាលហុងកុង បានអះអាងថា មនុស្ស៤៧នាក់ ត្រូវ ជាប់ចោទពីបទ ធ្វើសកម្មភាព ឃុបឃិតគ្នា ក្នុងទិសដៅធ្វើវិទ្ធង្សនា បំផ្លាញ និងផ្តួលរំលំរដ្ឋាភិបាល។ បទចោទប្រកាន់នេះ មានចែងនៅក្នុងច្បាប់សន្តិសុខជាតិ សម្រាប់តំបន់ហុងកុង។
ក្នុងចំណោមអ្នកដែលត្រូវ គេចោទ ទាំងនេះ គឺមាន អ្នកនយោបាយ និង បញ្ញវន្តហុងកុងជាច្រើននាក់ ក្នុងនោះមាន ដូចជា អតីតសមាជិកសភា លោក James To និងអ្នកស្រី Claudia លោក សាស្ត្រាចារ្យ សកលវិទ្យាល័យដ៏ល្បីឈ្មោះ Benny Tai លោក Wu Chi-wai ប្រធានគណបក្សប្រជាធិបតេយ្យ ហុងកុង លោក Alvin Yeung Ngok-kiu មេដឹកនាំគណបក្សពលរដ្ឋហុងកុង មេធាវី បុគ្គលិកអង្គការ សង្គមស៊ីវីល និង យុវជនប្រជាធិបតេយ្យ ដូចជាលោក Joshua Wong ជាដើម។ បន្ទាប់ពីបានចូលខ្លួន តាមការកោះហៅ របស់នគរបាល នៅរសៀលថ្ងៃអាទិត្យ ក្រុមអ្នកជាប់ចោទទាំងអស់ សន្យាថានឹងចូលខ្លួន ទៅក្នុងតុលាការ នៅថ្ងៃចន្ទ ទី១មិនាស្អែក។
សូមរំលឹកថា អ្នកដែលជាប់ចោទ ទាំង ៤៧នាក់ គឺស្ថិតក្នុងចំណោមមនុស្ស ៥៥នាក់ ដែល មត្ថកិច្ចហុងកុង បានចុះឡោមព័ទ្ធចាប់ កាលពីថ ្ងៃទី ៦មករា។ មនុស្ស ទាំងនេះ ត្រូវបាន សមត្ថកិច្ច ហុងកុង ចោទថាបានរៀបចំការបោះឆ្នោតខុសច្បាប់មួយ កាលពី ខែ កក្កដា ឆ្នាំ ២០២០។ ជាការបោះឆ្នោត ដែលក្រុម អ្នកប្រជាធិបតេយ្យ ហុងកុងបាន រៀបចំ ហើយ ដោយ មាន មនុស្ស ប្រមាណ ៦សែននាក់ចូលរួម ។
គួរកត់សំគាល់ថា នេះគឺជាទំហំចំនួនចាប់ខ្លួន អ្នក ប្រជាធិបតេយ្យ ច្រើនបំផុត បើគិត ពីក្រោយ ការចូលជាធរមាន នៃច្បាប់សន្តិសុខជាតិ។ ច្បាប់សន្តិសុខជាតិ ដែលត្រូវបាន បក្សកុម្មុយនីស្តចិនអនុម័ត និងចូលជាធរមាននៅ ថ្ងៃទី ៣០ មិថុនា ២០២០ បានកំណត់ នូវ ទោសឧក្រិដ្ឋ៤ប្រភេទ ក្នុងនោះមាន សកម្មភាព វិទ្ធង្សនា សកម្មភាព បះបោរបំបែកទឹកដី សកម្មភាព ភេរវកម្ម និងសកម្មភាពឃុបឃិតបំរើប្រយោជន៍បរទេស។ ច្បាប់នេះ មិនបានឆ្លងកាត់ការពិភាក្សា នៅក្នុងសភាហុងកុងទេ។ អ្នកដែលជាប់ការចោទប្រកាន់ទាំងនេះ អាចប្រឈមនឹងទោសជាប់ពន្ធនាគារអស់មួយជីវិត៕