មកទល់ពេលនេះ មហាជនជាច្រើននៅតែចងចាំវត្តមានលោក ស៊ឺ សោភ័ណ្ឌរិទ្ធី ឬហៅថា Chef រិទ្ធី គឺជាអតីតគណៈកម្មការក្នុងកម្មវិធីប្រកួតធ្វើម្ហូបដ៏ល្បីលំដាប់ពិភពលោក MasterChef Khmer បើទោះបីជាលោកបានទទួលមរណភាពកាលពីថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២០ កន្លងទៅក៏ដោយ ។
គេនៅចាំមិនភ្លេចថា មរណភាពរបស់អតីតគណៈកម្មការដ៏ល្បីល្បាញខាងលើ បានធ្វើឱ្យទស្សនិកជនដែលនិយមតាមដានគាំទ្រកម្មវិធីប្រកួតធ្វើម្ហូបខាងលើ ផ្ទុះការភ្ញាក់ផ្អើលនឹកស្ដាយស្រណោះដល់រូបលោកគ្រប់ៗគ្នា ជាពិសេសភរិយាជាទីស្រឡាញ់របស់លោក បានបង្ហោះសារក្ដុកក្ដួលរំជួលចិត្តយ៉ាងខ្លាំងសឹងតែទទួលយកការពិតមិនបាននូវការចាកចេញគ្មានថ្ងៃវិលត្រលប់របស់ស្វាមី ។
ពិតណាស់ប្ដីប្រពន្ធធ្លាប់រួមរស់ជាមួយគ្នា រួមសុខទុក្ខជាមួយគ្នារាប់ឆ្នាំធ្វើម្ដេចនឹងអាចបំភ្លេចអនុស្សាវរីយ៍រាប់មិនអស់ចោលងាយៗនោះ ។ តួយ៉ាងរហូតមកទល់ពេលនេះ ភរិយា Chef រិទ្ធី នៅតែនឹកអាល័យដល់ស្វាមី ថែមទាំងបង្ហោះសារឈឺចាប់មិនទាន់បាត់នូវមរណភាពរបស់លោក ដោយថ្មីៗនេះ គេឃើញនៅលើគណនីហ្វេសប៊ុកភរិយា Chef រិទ្ធី បានរៀបរាប់ទាំងអារម្មណ៍ខ្លោចផ្សារគួរឱ្យអាណិតអាសូរបំផុតថា «ចាប់ពីថ្ងៃនេះទៅខ្ញុំលែងសួរអ្នកទៀតហើយថា អ្នកកំពុងធ្វើអ្វី នៅឯណា ពេលណាមកវិញ ព្រោះតែអ្នកចិត្តដាច់ទៅចោលខ្ញុំហើយ» ៕