មានការចាប់អារម្មណ៍ ជាថ្មីដោយសារ តែគេស្រាប់តែ ឃើញអ្នកស្រី ទ្រី ដាណា ធ្វើរឿងរ៉ាវ មួយចំនួនដាក់តារាសម្តែង ជើងចាស់ អ្នកស្រីចាន់ សោភ័ណ្ឌ ហៅរ៉ូស និង អ្នកស្រី សក្ខណា ហៅម៉ែនឿន។ តារាសម្តែងទាំង២ ត្រូវបាន អ្នកស្រី ទ្រី ដាណាផ្តល់ជំនួយ ប្រគល់លុយដល់ដៃស្តែងៗ ដើម្បីដោះស្រាយ ជីវភាព នៅពេលខ្វះខាត ខ្លាំងពេលនេះ។
គេកំពុងឆ្ងល់ថា រវាង មីងរ៉ូស និងមីងនឿន បានជំនួយពី អ្នកចិត្តបុណ្យម្នាក់កាលពីពេលកន្លងទៅ ហើយពិភពសិល្បៈក៏ផ្អើល សរសើរពីសំណាងលែង យ៉ាប់ដូចមុន។ ប៉ុន្តែមួយរយៈចុង ក្រោយបែរជាចេញសញ្ញា មិនល្អទៅជាជួបរឿងលំបាកខាងជីវភាពទៅវិញ ក្លាយជាចំណោទ។
យ៉ាងណា នៅលើបណ្តាញសង្គម របស់អ្នកស្រីទ្រី ដាណា បានលើកសរសេរ យ៉ាងវែងថា « អ្នកមីងទាំង២ ជាតារាសម្ដែងជើងចាស់ គេស្គាល់ថាម៉ែនឿន និងម៉ែរ៉ូស។ ខ្ញុំអត់ដឹងថាគាត់លំបាកទេ😥😥😥 ទើបឃើញព័ត៍មានថ្មីៗនេះ ឃើញអ្នកមីងរ៉ូស ទៅបួសទើបឆ្ងល់ ឥឡូវបានជួបគាត់ទាំង២ផ្ទាល់ហើយ។ អ្នកមីងទាំង២ ថាគ្រប់គ្នាយល់ច្រឡំមានអ្នកជួយគាត់ តែតាមពិតគឺមិនមែនដូចគេគិតទេ អ្នកមីងកំពុងជួបការលំបាក នៅជំពាក់ប្រាក់គេផង។ ដើម្បីសម្រាលការលំបាក នាងខ្ញុំជូនគាត់ម្នាក់ 5000$ ទុកជាទុនទៅថ្ងៃក្រោយ និងសង់អាស្រមមួយជូននៅខេត្តឧត្តរមានជ័យ ទុកគ្រាន់គាត់ទៅសម្រាក។ អ្នកមីងរ៉ូស ថាចង់មានមុខរបរលក់កាហ្វេ ភីហ្សា វិលទៅជីវិតស្ងប់សុខដូចពីមុនវិញ ចឹងនាងខ្ញុំ និងស្វាមី ក៏និយាយគ្នា ជួយថ្លៃជួលផ្ទះ ២ឆ្នាំដល់គាត់ ដើម្បីទ្រទ្រង់របរថ្មីនេះ។ អ្នកមីងទាំង២ ក៏សូមប្រកាសដល់អ្នកថតរឿង ឬចម្រៀងផ្សេងៗ ចង់ហៅថត អ្នកមីងរីករាយថតណាស់ ព្រោះដើម្បីកម្រៃផ្គត់ផ្គង់ជីវភាព កុំយល់ច្រឡំថាអ្នកមីងធូរធារ ឈប់ថតអី គឺអ្នកមីងកំពុងជួបការលំបាក កំពុងខ្វះខាត ត្រូវការបងប្អូនផ្ដល់ការងារដូចពីមុន សូមបងប្អូនផល្លិតកម្មផ្សេងៗជួយហើយអ្នកមីងថតផង។»