រាជធានីភ្នំពេញ៖ មន្រ្ដីជាន់ខ្ពស់របស់ក្រសួងបរិស្ថាន បានអះអាងថា សត្វទន្សោង២ក្បាល ត្រូវបានព្រានព្រៃលបដាក់អន្ទាក់ និងបាញ់ទម្លុះបំពង់ក បណ្ដាលឲ្យសត្វទាំងនេះងាប់ ហើយទង្វើរបស់ពួកជនខិលខូចទាំងនេះ គឺជាការបំផ្លិចបំផ្លាញធនធានធម្មជាតិដ៏កម្ររបស់ប្រទេសខ្មែរយើង។
លោក នេត្រ ភក្រ្តា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងបរិស្ថាន បានបញ្ជាក់ កាលពីយប់ថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០២១ថា រូបទន្សោងហូរទឹកភ្នែក ជាទន្សោងជាប់អន្ទាក់ នៅក្នុងព្រៃសង្ឃរុក្ខាវ័ន។ ប៉ុន្ដែក្រោយមកទន្សោងនោះបានស្លាប់ ដោយសារវារងរបួសធ្ងន់ធ្ងរ។ ចំណែកទន្សោងដែលងាប់ដេកនៅលើដី ជារូបសត្វទន្សោង ដែលបានជាប់អន្ទាក់ និងត្រូវបានព្រានព្រៃចង្រៃបានបាញ់ទម្លុះបំពង់ក ហើយវាប្រឹងរត់មកដួលងាប់ នៅភូមិសាស្ត្រភូមិសែនរុងរឿងបី ឃុំមរតក ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
អ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះ បានបញ្ជាក់ថា យើងពិតជាមានអារម្មណ៍ក្តុកក្តួលខ្លាំងណាស់ ខណៈឃើញប្រភេទសត្វដ៏កម្រ នៅលើពិភពលោកទាំងនេះ នៅតែបន្ដរងនូវការគំរាមកំហែង ការបរបាញ់ និងដាក់អន្ទាក់។ តើសត្វទាំងនេះរងនូវការឈឺចាប់យ៉ាងណា?
ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងបរិស្ថាន បានបានអំពាវនាវថា សូមបងប្អូនប្រជាពលរដ្ឋឆ្លើយថាទេ ចំពោះការបរិភោគសាច់សត្វព្រៃ។ ការដែលយើងមិនទទួលទានសាច់សត្វព្រៃបែបនេះ នឹងជួយដល់ការបញ្ឈប់ការបរបាញ់ និងដាក់អន្ទាក់សត្វព្រៃរបស់ពួនព្រាន។ បើសិនពលរដ្ឋខ្លះនៅតែនិយមទទួលទានសាច់សត្វព្រៃ គឺការបរបាញ់សត្វ ការដាក់អន្ទាក់នៅតែបន្ត។ ក្រៅពីនេះសូមបងប្អូនប្រជាពលរដ្ឋចូលរួមសហការអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់ផងដែរ។ ក្នុងមួយឆ្នាំ យ៉ាងហោចអន្ទាក់ជាង៤ម៉ឺន ត្រូវបានដោះចេញពីតំបន់អភិរក្ស ហើយជួយសង្គ្រោះជីវិតសត្វព្រៃបានជាច្រើនក្បាលផងដែរ៕