រាជធានីភ្នំពេញ៖ ជនសង័្សយម្នាក់បានចូលទៅសំងំ លាក់ខ្លួន នៅក្នុងបង្គន់ នៃផ្សារទំនើបស៊ីធីម៉ល ហើយច្របាច់ក និងវាយស្ត្រីអនាម័យម្នាក់ ប្លន់យកទូរស័ព្ទដៃ រួចហើយរត់គេចខ្លួន ប៉ុន្ដែត្រូវបានក្រុមសន្តិសុខផ្សារ ដេញតាមចាប់ខ្លួនបានមកវិញភ្លាមៗ កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ នៅក្នុងផ្សារទំនើបស៊ីធីម៉ល ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា។
មន្រ្ដីនគរបាលខណ្ឌ៧មករា បានឲ្យដឹងថា ជនសង័្សយ ឈ្មោះ សុខ តូលី ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ។ រីឯជនរងគ្រោះ ឈ្មោះ វ៉ាន់ លក្ខិណា អាយុ៣១ឆ្នាំ មុខរបរបុគ្គលិកអនាម័យ។
មន្រ្ដីនគរបាលដដែល បានបន្ដថា មុនពេលកើតហេតុ ជនសង័្សយខាបានចូលទៅលាក់ខ្លួននៅក្នុងបង្គន់ នៃផ្សារទំនើបស៊ីធីម៉ល។ ស្របពេលនោះ ជនរងគ្រោះចូលទៅធ្វើអនាម័យក្នុងបន្ទប់ទឹក ស្រាប់តែជនសង័្សយ បានស្ទុះមកច្របាច់.ក និងវាយគាត់ ហើយប្លន់យកទូរស័ព្ទដៃ១គ្រឿង រួចរត់គេចខ្លួន។ ប៉ុន្ដែភ្លាមៗនោះ ក្រុមសន្ដិសុខផ្សារ បានដឹងទាន់ ក៏រត់ដេញចាប់ជនសង័្សយបានភ្លាមៗ រួចហើយប្រគល់មកឲ្យសមត្ថកិច្ច។
ក្រោយពេលឃាត់ខ្លួន សមត្ថកិច្ចបាននាំខ្លួនជនសង័្សយទៅកាន់អធិការដ្ឋាននគរបាលខណ្ឌ ដើម្បីសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់។ ដោយឡែកទូរស័ព្ទដៃដែលជនសង័្សយប្លន់បាន ក៏ត្រូវនគរបាលខណ្ឌ៧មករាប្រគល់ឲ្យម្ចាស់វិញ៕