បន្ទាយមានជ័យ ៖ បុរជាមេខ្យល់ ល្បីខាងនាំពលករឆ្លងដែនចូលទឹកដីថៃ ត្រូវបាន នគរបាលការិយាល័យ ប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សម្រេចបញ្ជូនទៅតុលាការខេត្តបន្ទាយមានជ័យ ចំណែកឯពលករ ចំនួន៧នាក់ទៀត ត្រូវបញ្ជូនទៅធ្វើចត្តាឡីស័ក នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១។
លោកស្រី ឧត្តមសេនីយ៍ត្រី ឌី សុជាតិ ស្នងាររង ទទួលផែនការងារប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានឲ្យដឹងថា ការឃាត់ខ្លួនមេខ្យល់នេះតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យលោកបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កំលាំងនគរបាលទាំងទាំងអស់ត្រូវចុះបង្រ្កាបមេខ្យល់ដែលលួចជូនពលករឆ្លងដែនយកទៅធ្វើការនៅស្រុកថៃដោយខុសច្បាប់ ទើបនគរបាលស្រុកស្វាយចេក ចុះស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យជាមេខ្យល់ ម្នាក់ ឈ្មោះ ប៉ា សាមិត្រ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិចំការគ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដោយពាក់ព័ន្ធនឹងនាំមនុស្សឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ ត្រង់ចំណុចភូមិល្បើកស្វាយ ដំណាក់កកោះ ឃុំស្វាយចេក ស្រុកស្វាយចេក ចំនួន២នាក់ មានឈ្មោះនុត សាវណ្ណ អាយុ២៥ឆ្នាំ ២ឈ្មោះ វ៉ាន់ថា ស្រីមុំ អាយុ២៥ឆ្នាំ ជាប្តីប្រពន្ធនិងគ្នា បំរុងជូនឆ្លងដែនទៅប្រទេសថៃ។
លោកស្រីឧត្តមសេនីយ៍ បញ្ជាក់ទៀតថា កម្លាំងនគរបាលការពារព្រំដែនគោក លេខ៨០៧ បានជួបប្រទះពលរខ្មែរចំនួន៥នាក់ទៀត មកពីខេត្តកំពង់ធំ នៅចំណុចរង្វង់មូលបឹងត្រកួន ក្នុងភូមិសាស្ត្រ ភូមិបន្ទាយមានរឹទ្ធ ឃុំគោករមៀត ស្រុកថ្មពួក ពេលសួរនាំពួកគេប្រាប់ថាទៅថៃ ហើយបានធ្វើការឃាត់ខ្លួន និងផ្តល់ព័ត៌មានឲ្យកម្លាំងអធិការដ្ឋាននគរបាលស្រុកថ្មពួក មកទទួលយក។
ចំពោះពលករទាំង៧នាក់ ត្រូវបានបញ្ជូនទៅមណ្ឌលចត្តាឡីស័ក វិទ្យាល័យសម្តេចឪ នៅក្រុងសិរីសោភ័ណ នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ ផងដែរ៕